ប្រតិភូកាកបាទក្រហមចិន ខេត្តក្វាងស៊ី ចុះពិនិត្យការរស់នៅរបស់ពលរដ្ឋ រងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកត្បូងឃ្មុំ និងពិនិត្យពិភាក្សាលើលទ្ធភាព ក្នុងការផ្តល់ជំនួយជាបន្ត ក្រោយត្រលប់ទៅវិញ

0
691

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលមានលោកស្រី ឡេង សុខា អនុប្រធានគណៈកម្មធិការកាកបាទក្រហមខេត្ត រួមជាមួយសហការី បានទទួលប្រតិភូកាកបាទក្រហមចិន ខេត្តក្វាងស៊ី ដឹកនាំដោយលោកស្រី ផាន់ សេហុង អនុប្រធានសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី ចុះទស្សនៈកិច្ចសិក្សាស្វែងយល់ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ លិចលង់ដោយទឹកទន្លេមេគង្គ នៅទីទួលសុវត្ថិភាពឃុំទន្លេបិទ និងភូមិដ្ឋានពលរដ្ឋក្នុងឃុំជីរោទិ៍ ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីប្រតិភូកាកបាទក្រហមទាំង២កម្ពុជាចិន ខេត្តក្វាងស៊ី ខេត្តត្បូងឃ្មុំ ចុះពិនិត្យដោយផ្ទាល់ ការរស់នៅរបស់ពលរដ្ឋនៅទទួលសុវត្ថិភាព និងនៅតាមផ្ទះដែលលិចលង់រួចមក បានបន្តទៅកាន់ ស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលស្ថិតនៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្ត ដោយបានជួបសំណេះសំណាល និងពិភាក្សាជាមួយលោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំផងដែរក្នុងជំនួបនោះលោកស្រី ផាន់ សេហុង បានជម្រាបថា កាកបាទក្រហមចិន ខេត្តក្វាងស៊ី បានផ្តល់ជំនួយមកកម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាថ្នាក់ដឹកនាំដ៍ឆ្នើម ជាបន្តបន្ទាប់នាពេលកន្លងមក ចំណែកក្នុងឆ្នាំ២០១៨នេះ គឺផ្តល់ជូនចំនួន២លើកផងដែរ។ ដោយលើកទី១ ផ្តល់ជូននូវរថយន្តសង្គោះបន្ទាន់ ចំនួន៥គ្រឿង ដល់ កាកបាទក្រហមកម្ពុជា ដែលរថយន្តទាំងនោះ បានផ្តល់ជូនដល់សាខាកាកបាទក្រហមខេត្តសៀមរាប ខេត្តស្វាយរៀង និងមន្ទីរពេទ្យនៅភ្នំពេញ ព្រមទាំងកង់ចំនួន២០០គ្រឿងផងដែរ ។

លើកទី២ កាលពីថ្ងៃ២២កន្លងទៅ លោកស្រីបាននាំយកមុងចំនួន២០.០០០ (ពីរម៉ឺន)មុង មានតម្លៃប្រមាណ ២៦ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា នៅរាជធានីភ្នំពេញបន្ថែមទៀត សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ដើម្បីចូលរួមទប់ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមនៅកម្ពុជា។ ពីនេះទៀត បានផ្តល់អង្ករសរុបចំនួន ១.៣៦២តោន (ចំនួន ៣លើក) ពីរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន តាមរយៈ រាជរដ្ឋាភិបាលកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកស្រី ផាន់ សេហុង ឲ្យដឹងបន្តថា ដោយឡែកថ្ងៃនេះ លោកស្រីរួម ទាំងប្រតិភូ បន្តចុះមកពិនិត្យការរស់នៅរបស់ពលរដ្ឋដែលរងផលប៉ះពាល់ លិចលង់ដោយទឹកទន្លេមេគង្គ នៅក្នុងស្រុកត្បូងឃ្មុំ ហើយក្រោយពេលត្រលប់ទៅប្រទេសចិនវិញ នឹងយកព័ត៌មានដែលទទួលបាននាពេលនេះ ដើម្បីពិនិត្យពិភាក្សា លើលទ្ធភាពអាចជួយជាជំនួយអ្វីជាបន្តបានខ្លះ នឹងធ្វើការឆ្លើយតបនាពេលក្រោយ។
ក្នុងពេលទទួលជួបសម្ដែងការគួរសមនោះ លោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសថ្លែងអំណរគុណ កាកបាទក្រហមចិន ខេត្តក្វាងស៊ី ដែលតែងតែផ្តល់ជំនួយនារយៈកាល កន្លងទៅនោះ។

លោក លី ឡេង ក៍បានជម្រាបពីស្ថានភាពទឹកជំនន់ ផលប៉ះពាល់ ការរស់នៅរបស់ពលរដ្ឋ ផលដំណាំនានាដែលរងការខូចខាត និងការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការជម្លាសពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ការទទួលសេវាសុខាភិបាលពីសំណាក់ក្រុមគ្រូពេទ្យ ដែលនៅប្រចាំនៅតាមទីទួលសុវត្ថិភាព ការចុះអប់រំសុខភាពអនាម័យរបស់អ្នកស្ម័គ្រចិត្តកាកបាទក្រហម ជាពិសេសការផ្តល់ជូននូវសម្ភារៈ ថវិការរបស់កាកបាទក្រហមកម្ពុជា ដែលជាការឆ្លើយទាន់ពេលវេលា ចំពោះពលរដ្ឋដែលកំពុងជួបការលំបាក ក្នុងគ្រាគ្រោះទឹកជំនន់នេះ។

ក្រោយជំនួបនាឳកាសនោះ លោក លី ឡេង និងលោកស្រី ផាន់ សេហុង បានសង្ឃឹមយ៉ាងមុតមាំ ក្នុងការបន្តសហប្រតិបត្តិការ អស់រយៈពេល ៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព កាន់តែមានចំណងមេត្រីភាពដ៏ជ្រាលជ្រៅ គឺជាមិត្តដ៏ល្អ ចេះជួយគ្នាទៅវិញទៅមក គ្រប់កាលៈទេសៈក្នុងគ្រាមានអាសន្ន ស្តែងឡើងតាមរយៈកាកបាទក្រហមប្រទេសទាំង២កម្ពុជា ចិន និយាយជារួម និងនិយាយដោយឡែក ខេត្តទាំង២ ត្បូងឃ្មុំ ក្វាងស៊ី ៕

Facebook Comments
Loading...