អាជ្ញាធរ អនុវត្តន៍តាមប្រសាសន៍សម្ដេច តេជោ ដកដីបឹងស្គរពីឧកញ៉ា ស៊ីន ទ្រី ទាំង៩ហិកតា៨០អាទុកជាសម្បត្តិរដ្ឋវិញ…!

0
1211

កណ្ដាល៖ ក្រោយពីបណ្ដាញព៍ត័មាន បានចេញផ្សាយថា អាជ្ញាធរឃុំស៊ីធរ ឃុបឃិតគ្នាយក
ដីបឹងស្គរ លក់ឲ្យឧកញ៉ា ស៊ីន ទ្រី យកលុយចែកគ្នាចាយនោះមកពេលនេះអាជ្ញាធរស្រុក បានអះអាងថា មិនយូទេគឺនៅសប្ដាហ៍នេះ នឹងហៅឧកញ៉ា ស៊ីន ទ្រី មកប្រាប់ថា នេះជាដីរដ្ឋហើយត្រូវដកទុកជាសម្បត្តិរដ្ឋវិញ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធ្វើស្រែប្រាំង១ឆ្នាំ ៣ដង របស់លោក សេង សាវី ឬហៅថាឧកញ៉ា ស៊ីន ទ្រី លើផ្ទៃដី៦៤ហិកតា ស្ថិតនៅក្រោយភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានគ្របដណ្ដប់ និងលើកទំនប់វ៉ាត់យកដីបឹងស្គរ រួចជាស្រេច។

ជាមួយគ្នានោះ លោកឧកញ៉ា បានទិញដីប្រាំងជាកម្មសិទ្ធឯកជន ចំនួន៥៤ហិកតា និងបានទិញដីបឹងស្គរ អាករឃុំរបស់រដ្ឋជិត១០ហិកតាផងដែរ
ក្នុងនោះដីដែលជាកម្មសិទ្ធឯកជនរបស់ពលរដ្ឋដែលនៅជុំវិញបឹងស្គរ លោកឧកញ៉ាប្រមូលទិញក្នុង១ហិកតាតម្លៃជាង២០,០០០$មានលិខិតស្នាមត្រឹមត្រូវ។

ដោយឡែកដីបឹងស្គរទាំង៩ហិកតា៨០អា លោកឧកញ៉ា បានទិញក្នុង១ហិកតា តម្លៃត្រឹម៩០០០$ប៉ុណ្ណោះ ព្រោះជាការទិញទាំងប្រថុយប្រថាន អត់មានលិខិតស្នាមឬចុះហត្ថលេខាពីអាជ្ញាធរទេ បើមានរឿងប្រគល់ជូនរដ្ឋវិញ បើស្ងាត់យករហូត។

ចំពោះករណីនេះមេការឧកញ៉ា ស៊ីន ទ្រី លោក សារិ បានអះអាងថា ក្រុមហ៊ុនពិតជាបានទិញដីបឹងស្គរផ្ដាច់ទាំងអស់មែនដោយ ១ហិកតា តម្លៃជិត១០,០០០$ក្នុងនោះទិញដីរបបមេឃុំស៊ីធរ ពីលោកមេឃុំចំនួន១ហិកតា របបក្រុមព្រឹក្សាឃុំ ទិញពីក្រុមព្រឹក្សាឃុំ១ហិកតា និងទិញពីស្មៀនឃុំ១ហិកតា ផងដែរ សល់ប៉ុន្មានជាដីរបបក្រុម ដែលទិញពីពលរដ្ឋសរុប៩ហិកតា៨០អា។

ចំណែកលោកឧកញ៉ា ស៊ី ទ្រី បានប្រាប់ឲ្យដឹងថា ដីទីនេះលោកអភិវឌ្ឍន៍ព្រោះឃើញនៅទំនេរ ចង់បង្កបង្កើនផលជាជាងទុកដីឲ្យនៅទំនេរចំពោះដីបឹងស្គរ លោកទទួលស្គាល់ថា បានទិញពីអាជ្ញាធរមែន ប៉ុន្តែបើរដ្ឋត្រូវការពេលណាលោកនិងប្រគល់ជូនវិញ។

ឯលោក រស់ សំអុល មេឃុំស៊ីធរ បានលើកឡើងថា ដីទាំងនោះគេលក់តាំងពីមេឃុំមុនម្លេះ នៅអំឡុងឆ្នាំ២០១៧ ហើយលោកជាមេឃុំ មិនដឹងដីរបបនៅទីណាទេ?បើគេលក់អស់ហើយនឹង។

ទោះបីជាយ៉ាងណាលោក ជន ប៉េងឡុង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានថ្លែងនៅល្ងាចថ្ងៃទី១២ខែសីហានេះថា រឿងនេះសួរទៅលោកមេឃុំទើបដឹងច្បាស់ ហើយបើដីនោះជាដីមេទឹកពិតមែនគឺត្រូវតែដកទុកជាសម្បត្តិរដ្ឋ។

ឯលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល បានថ្លែងថា ចំពោះដីបឹងស្គរ នេះជាដីមេទឹករបស់រដ្ឋ គ្មាននរណាម្នាក់មានសិទ្ធយកធ្វើជាកម្មផ្ទាល់ខ្លួននោះទេ។

លោកបញ្ជាក់ថា ចំពោះការទិញលក់យ៉ាងណានោះអាជ្ញាធរមិនទទួលស្គាល់ឡើយ យ៉ាងយូនៅដើមសប្ដាហ៍នេះគណៈកម្មការនិងហៅភាគឧកញ៉ា ស៊ីន ទ្រី មកដោះស្រាយគ្នា ដើម្បីប្រាប់គាត់ថា នេះជាដីរដ្ឋត្រូវដកទុកជាសម្បត្តិសាធារណៈវិញ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...