អាជ្ញាធរឃុំស៊ីធរស្រុកខ្សាច់កណ្ដាល ឃុបឃិតគ្នាយកដីបឹងស្គរលក់ឲ្យឧកញ៉ា ស៊ីន ទ្រី យកលុយចែកគ្នា. .!

0
874

កណ្ដាល៖ លោក សេង សាវី ឬហៅថាឧកញ៉ា ស៊ីន ទ្រី បានលើកទំនប់វ៉ាត់យកដីបឹងស្គរ រួចជាស្រេចដែលជាដីសម្បត្តិសាធារណៈរបស់រដ្ឋ ចំនួន៩ហិកតា៨០អា ដោយសំអាងថា បានទិញពីអាជ្ញាធរនិងពលរដ្ឋរួចហើយបានដាក់គ្រឿងចក្រជីកដី លើកទំនប់យ៉ាងធំដើម្បីព័ទ្ធដីបឹងស្គរ មិនឲ្យទឹកចូល ខណៈទឹកទន្លេ កំពុងចាល់ឡើងជិតលិចទំនប់ជាបណ្ដើរៗ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ា ស៊ីន ទ្រី នេះលើផ្ទៃដីសរុប ៦៤ហិកតា ដែលកន្លងមកលោកឧកញ៉ា បានទិញដីប្រាំងជាកម្មសិទ្ធឯកជន ចំនួន៥៤ហិកតា និងបានទិញដីបឹងស្គរ អាករឃុំរបស់រដ្ឋចំនួន១០ហិកតាផងដែរក្នុងនោះដីដែលជាកម្មសិទ្ធឯកជនរបស់ពលរដ្ឋដែលនៅជុំវិញបឹងស្គរ លោកឧកញ៉ាប្រមូលទិញក្នុង១ហិកតាតម្លៃជាង២០,០០០$មានលិខិតស្នាមត្រឹមត្រូវ។

ដោយឡែកដីបឹងស្គរទាំង៩ហិកតា៨០អា លោកឧកញ៉ា បានទិញក្នុង១ហិកតា តម្លៃត្រឹម៩០០០$ប៉ុណ្ណោះ ព្រោះការទិញទាំងប្រថុយប្រថាន អត់មានលិខិតស្នាមឬចុះហត្ថលេខាពីអាជ្ញាធរទេ បើមានរឿងប្រគល់ជូនរដ្ឋវិញបើស្ងាត់យករហូតហើយ។

ចំណែកមេការឧកញ៉ា ស៊ីន ទ្រី បានទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានទិញដីបឹងស្គរផ្ដាច់មែនដោយ ១ហិកតា តម្លៃជិត១០,០០០$ក្នុងនោះទិញដីរបបមេឃុំស៊ីធរ ១ហិកតា របបក្រុមព្រឹក្សាឃុំ១ហិកតា ស្មៀន១ហិកតា សល់ប៉ុន្មានជាដីរបបក្រុម ដែលទិញពីពលរដ្ឋសរុប៩ហិកតា៨០អា។ ឯលោក រស់ សំអុល មេឃុំស៊ីធរ បច្ចុប្បន្នបានលើកឡើងថា ដីទាំងនោះគេលក់តាំងពីមេឃុំមុនម្លេះ នៅអំឡុងឆ្នាំ២០១៧ ហើយលោកជាមេឃុំ មិនដឹងដីរបបនៅទីណាទេ?បើគេលក់អស់ហើយ។

ចំពោះគ្រឿងចក្រដែកំពុងធ្វើការនោះ លោកបញ្ជាក់ថា ថ្នាក់លើមានខាងធនធានទឹកធ្លាប់បានឃាត់ម្ដងហើយ ប៉ុន្តែខាងក្រុមហ៊ុនបានដាក់ពាក្យអភិវឌ្ឍន៍លើផ្ទៃដី៦៤ហិកតា។

ឯលោក ជន សេងហុង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកណ្ដាលបានឲ្យដឹងថា រឿងដីបឹងនោះ លោកមិនទាន់ទទួលបានរបាយការណ៍ពីក្រោមទេ ចំពោះការដកដីនេះទុកជារបស់រដ្ឋវិញលោកថាមិនទាន់ដឹងដែរ ។ ចំពោះលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា នេះជារឿងចាស់ប៉ុន្តែលោកនឹងចុះពិនិត្យ។

ទោះបីជាយ៉ាងណាពលរដ្ឋនៅជុំវិញទីនោះសង្ឃឹមថា លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក៏ដូចជាលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល មេត្តាទប់ស្កាត់ចំពោះសកម្មភាពទាំងនេះផង និងសូមដកហូតដីបឹងស្គរនេះទុកជាសម្បត្តិសាធារណៈវិញ។ ព្រោះថាដីនេះជាមេទឹកយ៉ាងសំខាន់ សម្រាប់ស្រោចស្រព្វ ផលកសិករដែលនៅជំវិញ។

ក្នុងនោះពលរដ្ឋអះអាងថា លោកឧកញ៉ា ទិញយកមេទឹកពួកគាត់អស់ចំនួន១០ហិកតា រួចមកកាយប្រឡាយលើកទំនប់ ហើយបង្វែឲ្យពួកគាត់ យកទឹកពីប្រឡាយតាមមាត់ទំនប់វិញ គឺប្រាកដជាប្រើមិនគាន់ទេទឹកប្រឡាយវាតិចណាស់៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...