កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងជិតដល់កម្រិតត្រូវប្រកាសអាសន្នហើយ

0
1264

ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី២សីហានេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់១៥.០២មែត្រ ដែលនៅសល់តែ ០.១៨ម៉ែត្រទៀតប៉ុណ្ណោះ នឹងដល់កម្រិតត្រូវប្រកាសអោយមានការប្រុងប្រយ័ត្ននោះហើយ។ ទឹកជន់ពីទន្លេមេគង្គក្នុងរដូវវស្សានេះ លិចតំបន់ទំនាប ព្រែក អាងស្តុបទឹក និងនៅតំបន់ខ្លះ បានលិចលង់ភូមិដ្ឋានអ្នកស្រុក ក្នុងនោះក៏មានការបាក់ច្រាំងទន្លេ ដំណាំរបស់ប្រជាពលរដ្ឋ បានរងការខូចខាតមួយចំនួនទៀត។

បើតាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា គិតមកដល់ថ្ងៃទី២ខែសីហានេះ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានហក់ឡើង មានកម្ពស់១៥.០២ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញឡើង០.១៧ម៉ែត្រ គឺខ្ពស់ជាងឆ្នាំមុន ដែលមានកម្ពស់ទឹកត្រឹមតែ១៤.៥៧ម៉ែត្រ។

កម្រិតដែលត្រូវប្រុងប្រយ័ត្ន មានកម្ពស់ ១៥.២០ម៉ែត្រ គឺនៅសល់តែ ០.១៨ម៉ែត្រទៀត ប៉ុណ្ណោះ។

ដោយឡែក ក្នុងរដូវទឹកឡើងនេះដែរ អាជ្ញាធរក្រុង និងខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់បញ្ហាទឹកទន្លេចេះតែបន្តឡើងដូច្នេះ អាជ្ញាធរបានត្រៀមម៉ាស៊ីនបូមទឹកធំៗ ចំនួន២គ្រឿងរួចរាល់ ដើម្បីរំដោះទឹកចេញពីក្រុងវិញ និងបានបិទទ្វារបង្ហូរទឹកចូលទន្លេ និងក៏ត្រៀមរំដោះទឹកទៅតាមតំបន់ទំនាប ផងដែរ។

តាមរបាយការណ៍របស់អាជ្ញាធរតាមមូលដ្ឋានគិតត្រឹមថ្ងៃទី៣១កក្កដា បានបញ្ជាក់ឲ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គ ដែលបានហក់ឡើងខ្លាំងប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យលិច ១៩ឃុំ លើ១០៩ឃុំ-សង្កាត់ ស្មើនឹង៥១ភូមិលើ៩១៦ភូមិ និងផ្ទះពលរដ្ឋ ដីចំការផលដំណាំត្រូវលិចលង់អស់ច្រើនរយហិចតា។ តំបន់ខ្លះទៀត បានបាក់ច្រាំងទន្លេជាបន្តបន្ទាប់ ផ្ទះខ្លះបានរុះរើ ពិបាកក្នុងមធ្យោបាយធ្វើដំណើរ ដោយមានដាច់ផ្លូវ។ អ្នកភូមិច្រើនគ្រួសារ ត្រូវរកទៅទីទួលសុវត្ថិភាពរស់នៅបណ្តោះអាសន្ន សត្វគោក្របី ១៤២ក្បាល ត្រូវបានបញ្ជូនទៅកាន់ទីទួលសុវត្ថិភាពចំនួន ៥ កន្លែង ដូចជាស្ថិតនៅក្នុងស្រុកស្ទឹងត្រង់,ស្រុកកំពង់សៀម,ស្រុកកងមាស,ស្រុកកោះសូទិន ស្រុកស្រីសន្ធរ និង ស្រុកព្រៃឈរ ផងដែរ ដែលកំពុងប្រឈមខ្លាំងជាងគេ៕

Facebook Comments
Loading...