ខុមហ្វ្រែល លួចជ្រើសរើសអ្នកសង្កេតការណ៍ខុសច្បាប់២១នាក់ នៅខេត្តកំពង់ចាម

0
733

(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ ឲ្យដឹងថា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល នៅតែបន្តជ្រើសរើសអ្នកសង្កេតការណ៍ដោយស្ម័គ្រចិត្តដោយខុសច្បាប់ ចំនួន២១នាក់ នៅខេត្តកំពង់ចាម ។

លោក គួច ចំរើន បានបន្តថា អ្នកទាំង២១នាក់នោះ ត្រូវបានហៅទៅចូលរួមវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម។ ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសឲ្យចូលរួមសង្កេតការណ៍មាននិស្សិតពីរនាក់ ទី១៖ យុវជន ចក់ ហៃ និងទី២៖ កញ្ញា ម៉ៅ សុនេត្តា ជានិស្សិតឆ្នាំទី២ នៃពុទ្ធិកសាកលវិទ្យាល័យ បានដកខ្លួនចេញ។

មូលហេតុដែលនិស្សិតទាំងពីរ ដកខ្លួនពីការបេក្ខភាពអ្នកសង្កេតការណ៍នេះ ព្រោះពួកគេដឹងខ្លួនថា ដំណើរការនៃការពន្យល់របស់អង្គការនេះ ហាក់មិនត្រឹមត្រូវតាមច្បាប់ និងមិនសមទំនង។ បន្ទាប់ពីមើលឃើញ ភាពមិនស្របច្បាប់របស់អង្គការខុមហ្រែ្វល និស្សិតទាំងពីរ បានមកធ្វើសន្និសីទសារព័ត៌មាន ដើម្បីទម្លាយអាថ៌កំបាំងនេះ។

ថ្លែងនៅសន្និសីទសារព័ត៌មាន នៅភូមិ អំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅរសៀលនេះ យុវជន ចក់ ហៃ និងកញ្ញា ម៉ៅ សុនេត្តា បានឲ្យដឹងថា ពីដំបូងអ្នកទាំងពីរមិនបានដឹងថា ខុមហ្រ្វែល មិនបានចុះឈ្មោះជាអង្គភាពដើម្បីសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នោះទេ។ អ្នកទាំងពីរ បានឲ្យដឹងទៀតថា ពួកគេទទួលបានកញ្ចប់ ជាប្រាក់ពីអង្គការក្រៅរដ្ឋាភិបាលនេះ ច្រើនគួរសម។

បើតាមនិស្សិតទាំងពីរ កញ្ចប់ទី១ ទទួលបានប្រាក់១៣ម៉ឺនរៀល ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល, កញ្ចប់ទី២ ទទួលបានប្រាក់១៧ម៉ឺន៥ពាន់រៀល បន្ទាប់ពីសង្កេតការណ៍ហើយ, និងកញ្ចប់ទី៣ ទទួលបានប្រាក់២៧ម៉ឺន៥ពាន់រៀល ដើម្បីដើរសម្ភាសន៍ប្រជាពលរដ្ឋទាក់ទងនឹងការបោះឆ្នោត។

ទន្ទឹមនឹងនេះ អភិបាលខេត្តកំពង់ចាម បានឲ្យដឹងបន្ថែមថា អ្នកទាំងពីរមិនត្រូវបានឃាត់ខ្លួនទេ ដោយសារតែពួកគេមិនបានដឹងថា ការជ្រើសរើសអ្នកសង្កេតការណ៍របស់ខុមហ្រ្វែល មិនត្រឹមត្រូវតាមច្បាប់ និងបានដកខ្លួនចេញ ដោយសារអង្គការនេះ មិនបានចុះឈ្មោះសុំជាអង្គភាពចូលរួមសង្កេតការណ៍បោះឆ្នោត ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នោះឡើយ៕

Facebook Comments
Loading...