សហព័ន្ធខ្មែរកីឡាហែលទឹកចង់ឲ្យសាលារៀនសហការដើម្បីឲ្យសិស្សចេះហែលទឹក

0
1783

ភ្នំពេញ៖ លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានអះអាងថា សហព័ន្ធនឹងបង្កើនសកម្មភាព​ធ្វើយ៉ាងណាឲ្យកុមារកម្ពុជាជាច្រើនអាចចេះហែលទឹកបាននិងជៀសវាងពីការលង់ទឹកដោយសហព័ន្ធសហការជាមួយក្លឹបកីឡានានាដែលមានអាងទឹកទាំងអស់ចូលរួមចលនាបង្រៀនក្មេងៗឲ្យចេះហែលទឹក។

ការចាប់ផ្តើមដំបូងនេះគឺនៅអាងហែលទឹកក្លឹបការ៉ាកុលដែលស្ថិតនៅខ័ណ្ឌច្បារអំពៅដោយសហព័ន្ធជាអ្នកផ្តល់គ្រូបង្រៀននិងក្លឹបជាអ្នកផ្តល់ទីតាំង។ហេតុនេះសាលាឯកជនក្តីសាលារដ្ឋក្តីអាចដាក់សំណើមកសហព័ន្ធឬដាក់សំណើរទៅកាន់ក្លឹបផ្ទាល់ដើម្បីបញ្ចូលសិស្សរបស់ខ្លួនទៅ ក្នុងកម្មវិធីសិក្សាផ្នែកអប់រំកាយនិងកីឡាដោយយកជំនាញ ហែលទឹក។

សហព័ន្ធខ្មែរកីឡាហែលទឹកបានដាក់ផែនការឲ្យក្មេង១ពាន់យ៉ាងហោចណាស់ក៏មាន១នាក់ចេះហែលទឹកក្នុងឆ្នាំសិក្សា២០១៨ – ២០១៩នេះ។​​ ផែនការធ្វើបានសម្រេចបានលុះណាតែសាលាអប់រំនិងមណ្ឌលសិក្សាទាំងអស់ចូលរួមសហការ។ ព្រោះសាលាមិនមានខាតបង់អ្វីឡើយគឺគ្រាន់តែសាលា ឬ សិស្សត្រូវដោះស្រាយមធ្យោបាយធ្វើដំណើរដោយខ្លួនឯងប៉ុណ្ណោះ ។​ សិស្សទាំងអស់អាចរៀនក្នុង១អាទីត្យគឺ១ម៉ោង។ឆ្នាំសិក្សាយើងមានប្រហែល១០ខែដូច្នេះក្មេងអាចរៀនបាន១០ដងយ៉ាងតិច គឺគេប្រាកដជាអាចហែលទឹកបានដោយមិនភ័យពីការលិចលង់ទៀតឡើយ។

លោកអគ្គលេខាធិការបានបន្តថាសហព័ន្ធនឹងស្វែងរកអ្នកឧបត្ថម្ភដល់គ្រូៗរបស់យើងទៅតាមអ្វីដែលអាចធ្វើទៅបាន។ចលនានេះនឹងមិនធ្វើតែមួយឆ្នាំហើយឈប់នោះទេយើងនឹងបន្តដំណើររហូតដល់ឆ្នាំ២០២៣និងលើសពីនោះទៅទៀត ដើម្បីកីឡាហែលទឹកនិងដើម្បីសុខមាលភាព សុខភាពរបស់ក្មេងៗជំនាន់ក្រោយៗរបស់យើង។

សហព័ន្ធសន្យានឹងផ្ដល់ជូនដោយសាលាមួយទទួល១០នាក់ព្រោះសហព័ន្ធ និងគ្រូព្រមទាំងក្លិបត្រូវការរកទទួលទានដែរ។ក្លិបផ្សេងៗដែលចង់បានគ្រូទៅជួយបង្ហាត់នោះសហព័ន្ធមានគ្រប់គ្រាន់ទាំងអស់។សហព័ន្ធខ្មែរកីឡាហែលទឹកក៏សុំប្រកាសថា សហព័ន្ធយើងនឹងប្រារព្ឋការប្រកួតជាលក្ខណអន្តរជាតិមួយនៅឆ្នាំក្រោយនេះ នោះគឺជាការប្រកួតតាមអាយុរបស់គ្រប់ប្រទេសអាស៊ាន (Sea Age)។

Facebook Comments
Loading...