ទោះទឹកជំនន់លិចលង់យ៉ាងណា ក៏ដំណើរការបោះឆ្នោតអត់ដកថយដែរ

0
1223

ភ្នំពេញ – លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានថ្លែងដែរថា ទាក់ទងនឹងករណីបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ហើយទឹកហូរចូលភូមិប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង គឺខាង គ.ជ.ប កំពុងតែធ្វើការតាមដានមើល ។ យ៉ាងណាក៏ដោយ គ.ជ.ប មានផែនការ “ក” និង “ខ”។ ផែនការ “ក” គឺការប្រព្រឹត្តទៅជាប្រក្រតីនៅការិយាល័យបោះឆ្នោតតាមការគ្រោងទុក។ ចំណែកផែនការ “ខ” គ.ជ.ប មានគោលការណ៍ចល័តទីតាំងការិយាល័យបោះឆ្នោតទៅទីទួលសុវត្ថិភាព និងជូនដំណឹងទៅដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងការិយាល័យនោះ ដើម្បីធ្វើដំណើរទៅរកការិយាល័យដែលបានគ្រោងទុក ។

លោក ពុយ ចាន់ថាឡាក់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បាននិយាយ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះថា ទោះបីជាមានការបាក់ទំនប់វារីអគ្គិសនី នៅខេត្តអាត់តាពើ ប្រទេសឡាវ ក៏ទីតាំងត្រៀមរៀបចំការិយាល័យបោះឆ្នោតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មិនមានការប៉ះពាល់នៅឡើយទេ ហើយខាងលោកកំពុងតែតាមដាន ។ ការិយាល័យបោះឆ្នោតនៅស្រុកសៀមប៉ាង មានជាង ៣០ការិយាល័យ និងមានអ្នកបោះឆ្នោតជាង ១ម៉ឺននាក់។ ចំណែកនៅទូទាំងខេត្ត មានការិយាល័យបោះឆ្នោត ២២៧ការិយាល័យ។ ករណីនេះ គណៈកម្មការរៀបចំការបោះឆ្នោត នៅមិនទាន់ប្រកាសអាសន្ន ឬជាប្រធានស័ក្តិនៅឡើយទេ ហើយនៅតែដំណើរការជាធម្មតា ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ការបោះឆ្នោតជាតិនៅចុងខែកក្កដានេះ នឹងមិនមានការពន្យាពេលនោះទេ បើទោះបីជាខេត្តក្រុងមួយចំនួននៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់ក៏ដោយ។ គួរជំរាបជូនថា កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ចុងសប្តាហ៍នេះ។

គួរជំរាបជូនថា អស់ពីជំនន់ទឹកភ្លៀងដែលបានធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន៧នៅភាគនីរតី និងភាគពាយ័ព្យនៃប្រទេសកម្ពុជានៅប៉ុន្មានថ្ងៃមកនេះហើយ ខេត្តនៅភាគឥសាននៃប្រទេសកម្ពុជា គឺខេត្តរតនគីរី ក៏កំពុងជន់លិចដោយសារតែទឹកទន្លេសេសាន។

Facebook Comments
Loading...