អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត, ប្រឈមនឹងការផាកពិន័យតាមច្បាប់បោះឆ្នោត

0
1083

ភ្នំពេញ – លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប៉ូលីសមិនអាចចាប់អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតបានទេ ដោយថា គ្មានច្បាប់ណាចែងបែបហ្នឹងនោះទេ ប៉ុន្តែអ្នកទាំងនោះត្រូវប្រឈមនឹងការពិន័យជាប្រាក់តាមច្បាប់បោះឆ្នោតកំណត់។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា គិតត្រឹមព្រឹកនេះមានករណីបណ្តឹងបែបនេះ ចំនួន៥ ដែលកើតមាននៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ប៉ុន្តែស្ថិតនៅដំណាក់កាលសម្របសម្រួលនៅឡើយ។

លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិក្នុងចំណោម១១៨នាក់ដែលត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយក៏មាននៅក្នុងបណ្តឹងករណីម្រាមដៃស្អាតនេះដែរ។

អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា គណបក្សលោកមិនគាំទ្រយុទ្ធនាការម្រាមដៃស្អាត ហើយក៏មិនគាំទ្រចំពោះច្បាប់ដែលដាក់ពិន័យចំពោះករណីនេះដែរ។

នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា ការពិន័យអ្នកដែលប្រព្រឹត្តចំពោះករណីនេះគឺធ្ងន់ធ្ងរពេក ដោយថា ច្បាប់បោះឆ្នោតមិនបានចែងច្បាស់ចំពោះករណីនេះទេ និងថាជាការប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ។

គ.ជ.ប ត្រូវអប់រំដល់ប្រជាពលរដ្ឋសិនមុនអនុវត្តច្បាប់នេះ ព្រោះអ្នកខ្លះនៅតែយល់ថាការនិយាយពីការមិនទៅបោះឆ្នោតគឺជាការបញ្ចេញមតិ ។

Facebook Comments
Loading...