ទស្សនៈមិត្តអ្នកអាន៖ ផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដើម្បីបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា !

0
2502

(ភ្នំពេញ)៖ ដោយពេលវេលានៃការបោះឆ្នោតនៅកម្ពុជា កាន់តែខិតជិតមកដល់ ហើយប្រជាពលរដ្ឋកម្ពុជានៅក្នុងប្រទេសកំពុងទន្ទឹងរង់ចាំ ថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីនាំគ្នាទៅបោះឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យនោះ ក្រុមប្រឆាំងក្រៅច្បាប់ដែលមាន ពួកបរទេសខ្លះនៅជួយជ្រោមជ្រែងពីក្រោយខ្នង ក៏កាន់តែបង្ហាញនូវឧបាយកលទុច្ចរិត តាមរយៈផែនការបំផ្លាញការបោះឆ្នោត ទោះបីជាផែនការណ៍ជាច្រើនរបស់ពួកគេត្រូវបានវាយឱ្យបរាជ័យ និងត្រូវបានវាយបំបែកជាបន្តបន្ទាប់ក៏ដោយ។

អ្វីដែលមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី រួមនឹងបក្សពួកមួយក្តាប់ នៃខ្មោចបក្សសង្គ្រោះជាតិ កំពុងតែបន្តអនុវត្តនៅក្នុងដំណាក់កាលចុងក្រោយបង្អស់ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខនេះ គឺការកៀរគរឱ្យ មានការប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដូចដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងមក និងដោយមានការជួយបន្ទរតាមក្រោយពីសំណាក់ពួកបរទេសមួយចំនួនដែលព្យាយាមធ្វើជាម៉ែឪរបស់កម្ពុជាពោល គឺចង់ឱ្យកម្ពុជាបោះបង់ចោលនូវឯករាជ្យភាពនិងអធិបតេយ្យជាតិ របស់ខ្លួនមកដើរតាមបន្ទាត់ នយោបាយគូសវាសដោយពួកគេ។ ប្រសិនបើកម្ពុជាមិនដើរតាមពួកគេទេនោះ ទោះបីជាមានការគោរពសិទ្ធិមនុស្ស និងមានការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ លើសពីនេះយ៉ាងណាក៏ដោយ ក៏កម្ពុជានឹងត្រូវបានចាត់ទុកថា ជាប្រទេសដែលមានស្ថានភាព នយោបាយអាក្រក់បំផុត ឬជាប្រទេសផ្តាច់ការ ព្រោះអ្វីៗ គឺវាស្រេចតែលើបបូរមាត់របស់ពួកបរទេស មួយក្តាប់តូចនិងក្រុមប្រឆាំងលាបពណ៌តែប៉ុណ្ណោះ។

ក្រៅពីការញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋ ការបំភ្លៃបំផ្លើសអំពី ស្ថានការណ៍ ពិតរបស់កម្ពុជា មេក្បត់ជាតិ សម រង្ស៊ី ក៏នៅមានផែនការទុច្ចរិតផ្សេងៗទៀត ដើម្បីបំផ្លាញកម្ពុជាផងដែរ។ នៅក្នុងផែនការដ៏ស្មោគគ្រោកនេះគឺប្រភពពី សកម្មជនអតីតបក្សប្រឆាំងបាន បង្ហើបឱ្យដឹងថា ក្រុមសមាជិកខ្មោចបក្សសង្គ្រោះជាតិនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួនក្រោមខ្សែញាក់របស់បរទេស ជាចៅហ្វាយបាននិងកំពុងបន្តអនុវត្តផែនការ ក្នុងការកៀរគរអន្តរជាតិកុំឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិ អាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រភពនេះបានបញ្ជាក់ថា សម រង្ស៊ីដែលជាមេខ្លោង បាននិងកំពុងបញ្ចេញសារញុះញង់សព្វបែបយ៉ាងតាមបណ្តាញផ្សព្វផ្សាយសង្គមក្នុងចេតនា បង្កចលាចលសង្គម និងប្រឆាំងការបោះឆ្នោត។ សកម្មជនខ្មោចបក្សសង្គ្រោះជាតិមួយចំនួន ដែលដើរតាមសម រង្ស៊ី បានចាប់ផ្តើមបំផុស និងឱ្យសកម្មជនអ្នកគាំទ្រខ្លួនផ្តិតស្នាមមេដៃ ដោយពួកគេអះអាងថា ដើម្បីដាក់ជូនទៅអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនទៀត នៅក្នុងនោះមានសហភាពអឺរ៉ុបជាដើម ដើម្បីប្រឆាំងការបោះឆ្នោត។ សកម្មភាពនេះបានចាប់ធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងប្រទេសអឺរ៉ុបមួយចំនួនដែល មានបងប្អូនពលរដ្ឋខ្មែររស់នៅ ព្រមទាំងនៅតំបន់អាស៊ីខ្លះដែរ ជាពិសេសនៅក្នុងប្រទេសថៃជាដើម ដែលមានមេក្លោងឡុង រី និង ម៉ោញ សារ៉ាត់ ជាអ្នកទទួល បន្ទុកអមដោយឈ្មោះលី ចាន់រតន រស្មី ~ ឌឿន ~ សីហា ~ ទុន សេន កញ្ញាឆ្មាខ្មៅ ។ល។ ចំណែកនៅក្នុងប្រទេសកម្ពុជា វិញ ក៏បាននិងកំពុងចាប់ផ្តើ់មមានសកម្មភាពខ្លះៗហើយដែរ តាមរយៈរចនាសម្ព័ន្ធអតីតបក្សប្រឆាំងដែលធ្វើក្នុងសភាពស្ងៀមស្ងាត់ជាមួយអតីត សកម្មជន និងអ្នកគាំទ្រខ្លួន។

តាមផែនការ គឺពួកគេបានដាក់ចេញគម្រោងឱ្យផែនការនេះត្រូវសម្រេចឱ្យបាន ហើយនឹងបញ្ជូនដល់ដៃអង្គការសហប្រជាជាតិ និងប្រទេសនានាឱ្យបានឆាប់រហ័សបំផុតតាមតែអាចធ្វើបានដើម្បីបង្អាក់ការបោះឆ្នោតដែលគ្មានវត្តមានរបស់ពួកគេនេះ។ ហេតុអ្វីបានជាពួកគេរៀបចំ ផែនការទុច្ចរិតទាំងនេះឡើង?

១៖ ដើម្បីបំផ្លាញការបោះឆ្នោត បំភាន់មតិសាធារណៈ កុហកស្ថាប័នអន្តរជាតិ៖ ក្រុមអ្នកនយោបាយរត់ចោលស្រុកនៃខ្មោចបក្សក្រៅច្បាប់រួមនឹងសកម្មជនរបស់ខ្លួន បានត្រៀមធ្វើបាតុកម្មនៅតាមបណ្តាប្រទេសមួយចំនួននៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបង្កើតញត្តិប្រឆាំងនឹងការបោះឆ្នោតពីក្រៅប្រទេស។ ចំណែកខាងក្នុងប្រទេស ពួកគេរៀបចំប្រមូលស្នាមមេដៃដើម្បីបង្កើតញត្តិពីក្នុងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងការបោះឆ្នោតដែរ។ ប្រភពព័ត៌មានពីសកម្មជនអតីតបក្សប្រឆាំងដដែលរូបនេះ ក៏បានឱ្យដឹងថាពួកគេនឹងយកស្នាមមេដៃចាស់ៗដែលធ្លាប់ក្លែងបន្លំនិងប្រមូលបាននៅអំឡុងការតវ៉ានៅឆ្នាំ២០១៣ បញ្ចូលក្នុងស្នាមមេដៃថ្មី ដើម្បីបង្កើនចំនួនឱ្យបានច្រើន និងបញ្ជូនទៅកាន់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតថា ប្រជាពលរដ្ឋខ្មែរ មិនទទួលយកនូវការបោះឆ្នោតនេះឡើយ។ នេះមិនត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាល្បិចស្មោកគ្រោកក្នុងការ បំភាន់មតិសាធារណៈ បោកប្រាស់ប្រជាពលរដ្ឋ និងកុហកស្ថាប័នអន្តរជាតិធំៗដូចជា អ.ស.ប និងសហភាព អឺរ៉ុបជាដើម។ ល្បិចថោកទាបនេះ គឺគ្មានអ្វីក្រៅពីការបង្កើតនូវសង្គ្រាមចិត្តសាស្ត្រដើម្បីបង្អាក់ និងរារាំងប្រជាពលរដ្ឋខ្មែរ ដែលត្រៀមខ្លួន រួចជាស្រេចទៅហើយនោះកុំឱ្យទៅបោះឆ្នោត ព្រោះថា គង់តែ អ.ស.ប សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត មិនទទួលស្គាល់លទ្ធផលបោះឆ្នោតដដែលនោះ តើចាំបាច់ទៅបោះឆ្នោតធ្វើអ្វី។ នេះគឺជាទង្វើដ៏ស្មោគគ្រោកបំផុតរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ដែលកំពុងតែបំផ្លាញជាតិខ្លួនឯងដោយមិនញញើតដៃបន្តិចណាឡើយហើយប្រការ នេះក៏កាន់តែបញ្ជាក់បន្ថែមទៀត យ៉ាងច្បាស់អំពីមហិច្ឆតាអំណាច ដ៏ឆ្កួតលេលារបស់សម រង្ស៊ីនិងបក្សពួកដែលចិញ្ជឹមចិត្តក្នុងការបំផ្លាញជាតិដោយគ្មានស្តាយស្រណោះ។

ទី២៖ បំផ្លាញការបោះឆ្នោតក្នុងថ្ងៃស្ងប់ស្ងាត់ និងថ្ងៃបោះឆ្នោត៖ បាតុកម្មដែលក្រុមប្រឆាំងត្រៀមនឹងធ្វើនៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា នៅបណ្តាប្រទេសនានា គឺជាផែនការក្រឡុកការបោះឆ្នោតនៅកម្ពុជា និងជាសង្គ្រាមចិត្តសាស្ត្រមួយ ដើម្បីបំផ្លាញទឹកចិត្តប្រជាពលរដ្ឋខ្មែរដែលត្រៀមទៅបោះឆ្នោតជ្រើសតាំង ថ្នាក់ដឹកនាំរបស់ខ្លួនស្របតាមច្បាប់។ ទណ្ឌិត សម រង្ស៊ី បានបំភ្លៃការពិត និងប្រឌិតព័ត៌មានអាក្រក់អំពីកម្ពុជា និង យកឈ្មោះសហគមន៍អន្តរជាតិ មកលាបពណ៌ និងប្រើប្រាស់ជាប្រយោជន៍នយោបាយផ្ទាល់ខ្លួន។ នេះគឺជាការបន្តអនុវត្តផែនការជាន់ឈ្លីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេបានតាំងខ្លួនជាតួឯក លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែនេះគឺគ្រាន់តែជាអំនួតគ្មានខ្លឹមសារ និងជាការចាញ់បោកកិច្ចកលនយោបាយចៅហ្វាយនាយបរទេសរបស់ ពួកគេដែលបានគូសវាសផ្លូវឱ្យពួកគេដើរដើម្បីបម្រើផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះ។ ពួកគេព្យាយាមបិទបាំងនូវល្បិចកលទុច្ចរិតក្នុងការបំផ្លិចបំផ្លាញជាតិ និងធ្វើខ្លួនជាជនរងគ្រោះនៃទង្វើល្មើសច្បាប់របស់ខ្លួន។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាគឺច្បាស់ណាស់ ទោះបីជាគ្មានខ្មោចបក្សសង្គ្រោះជាតិ និងក្រុមអ្នកនយោបាយរត់ចោលស្រុកមួយដំបរស្វា ក៏ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅតែរស់រវើក និងកាន់តែមានអត្ថន័យបន្ថែមទៀត ដោយសារតែការបោះឆ្នោតនៅខែកក្កដានេះ មានគណបក្សនយោបាយចំនួន ២០ចូលរួម។ នេះមិនមែនជារឿងលេងសើច ប្រជាធិបតេយ្យឡើយ! ក្រុមមតិភាគតិច និងក្រុមជនល្មើសច្បាប់ ត្រូវគោរពមតិភាគច្រើន ដែលបាននិងកំពុងគោរពយ៉ាងខ្ជាប់ខ្ជួនតាមមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស។ ពួកគេមិនអាចបោកប្រាស់ពលរដ្ឋខ្មែរ និងមិនអាចបោកប្រាស់សហគមន៍អន្តរជាតិបានទៀតឡើយ។ ទង្វើរបស់សម រង្ស៊ី និងគូកននៅពេលនេះ បង្ហាញពីចរិតពិតដ៏ថោកទាបបំផុតដែលក្នុងនាមជាជនជាតិខ្មែរ ម្នាក់បានលក់ឧត្តមគតិ និងបម្រើផលប្រយោជន៍បរទេស។ សណ្តាននៃជនក្បត់ជាតិរបស់សម រង្ស៊ី មិនអាចកែប្រែបានឡើយ ហើយទង្វើសម រង្ស៊ី គឺជាសត្រូវរបស់ប្រជាជន និងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។

ទី៣៖ ប្រឌិតព័ត៌មានក្លែងក្លាយថា សម រង្ស៊ី នឹងវិលចូលស្រុកនៅថ្ងៃទី២៩កក្កដា ដើម្បីបង្កចលាចល៖ ក្រុមសមាជិកអតីតបក្សប្រឆាំងក្រៅច្បាប់ ក៏កំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិតថា ទណ្ឌិតសម រង្ស៊ី នឹងវិលចូលប្រទេសកម្ពុជាវិញនៅចំថ្ងៃបោះឆ្នោតតែម្តង ដែលនេះគឺជាផែនការទុច្ចរិតមួយទៀត ដែលមានចរិតជាសង្គ្រាមចិត្តសាស្ត្រ ដើម្បីបន្ទុចបង្អាក់ រារាំងអតីតសកម្មជន និងអ្នកគាំទ្រខ្លួន ហើយដែលឥឡូវនេះបានងាក មកគាំទ្រគណបក្សបង្កើតថ្មីៗ បែកចេញពីខ្មោចបក្សសង្គ្រោះជាតិដូចជាគណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរតែមួយ ឬគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម មិនឱ្យទៅបោះឆ្នោត ព្រោះថាបើសម រង្ស៊ី វិលចូលស្រុកថ្ងៃនោះ នោះប្រាកដជាមានដំណោះស្រាយនយោបាយ ឬមានគំនាបពីបរទេសមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការបោះឆ្នោតនឹងអាចត្រូវមោឃភាព ឬពន្យារពេល។ ដូច្នេះតាមរយៈ ល្បិចកលនេះ អតីតសកម្មជន និងអ្នកគាំទ្របក្សក្រៅច្បាប់ ក៏មិនចាំបាច់ទៅបោះឆ្នោតទេដែល នេះគឺជាការទាញចូលក្នុង យុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង» របស់ពួកគេ។ ប៉ុន្តែពួកគេភ្លេចគិតថា សម រង្ស៊ី ពេលនេះគឺជាទណ្ឌិតដែល មានទោស រាប់សិបឆ្នាំនៅជាប់ខ្លួន ហើយខ្នោះនិងគុក បាននិងកំពុងតែរង់ចាំវត្តមានរបស់សម រង្ស៊ីនៅកម្ពុជាគ្រប់ពេលវេលាដែរតាមដិកា ចាប់ខ្លួនរបស់តុលាការ។ តាមពិតទៅ ទណ្ឌិតសម រង្ស៊ី ជាមនុស្សមហាកំសាក ហើយកន្លងមក គឺគ្មានម្តងណាឡើយដែលមាន ភាពក្លាហានវិលត្រឡប់ចូលមកក្នុងប្រទេសដើម្បីមកប្រឈមមុខ នឹងច្បាប់ឡើយខណៈអ្នកនយោបាយចាញ់ចាស់វស្សារូបនេះ មានជីវិតហ៊ឺហារនៅក្រៅប្រទេស និងខ្លាចបំផុតរឿងជាប់គុក។ ហេតុដូច្នេះហើយ បានជាអ្នកប្រជាធិបតេយ្យក្លែងក្លាយរូបនេះ រាល់ពេលបង្កអំពើល្មើស ច្បាប់ម្តងៗ តែងតែរត់គេចខ្លួន រត់ចោលស្រុកនិងរត់ចោលគុកច្រវាក់រហូតដល់ពេលនេះ។

ទី៤៖ សហការជាមួយអង្គការ សង្គមស៊ីវិលបរទេស និងក្នុងស្រុកមួយចំនួន ដើម្បីអនុវត្តផែនការបំផ្លាញការបោះឆ្នោត៖ ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកទាំងនេះ ក៏មិនអាចអនុវត្តផែនការទុច្ចរិតនេះកើតឡើយ ប្រសិនបើគ្មានការជួយពីក្រុមអង្គការសង្គមស៊ីវិល លម្អៀងនិងជាភ្នាក់ងារ របស់បរទេសមួយចំនួន។ ពេលនេះក៏ដូចកន្លងមកដែរ គឺពួកគេអនុវត្តផែនការបំផ្លាញការបោះឆ្នោតដែលមានលក្ខណៈជាប្រព័ន្ធ។ សង្គមស៊ីវិលបរទេសមួយចំនួននៅក្នុងរចនាសម្ព័ន្ធបដិវត្តពណ៍ ដែលទទួលបញ្ជានិងថវិកាពីចៅហ្វាយនាយរបស់ពួកគេ ដូចជាអង្គការ NED ~ NDI ~ IDI ~ CIPR ~ Anfrel ជាដើម ហើយដែលបច្ចុបន្នអង្គការ មួយចំនួននេះកំពុងជ្រកធ្វើ សកម្មភាពក្រោមផ្លាកអង្គការផ្សេងៗបានផ្តល់មូលនិធិដល់អង្គការក្នុងស្រុកដូចជាអង្គការខុមហ្វ្រែល របស់ គល់ បញ្ញា អង្គការនិកហ្វិក សមាគមធាងត្នោត អង្គការសិទ្ធិលំនៅដ្ឋាន សមាគមសមធម៌ជាដើមក្នុងការ រំខាន អុកឡុក បង្ខូច និងបំផ្លាញការបោះឆ្នោត និងធ្វើយ៉ាងណាឱ្យដំណើរ នីតិវិធីនៃការបោះឆ្នោតដែលកំពុងតែដំណើរការដោយរលូននេះ មើលទៅមិនត្រឹមត្រូវតាមច្បាប់ ជាពិសេសគឺបង្កប់លេសបំផ្លាញលទ្ធផលបោះឆ្នោតតែម្តង។ ពួកគេយកពេលវេលានៃការបោះឆ្នោតមកធ្វើជាចំណុចក្តៅនេះ គឺដោយសារតែនៅអំឡុងពេលនេះ ពួកគេអាចញុះញង់ឱ្យមានការខឹងសម្បារ នៅក្នុងចំណោមអ្នកមាននិន្នាការ នយោបាយចង្អៀតចង្អល់ងាយស្រួលក្នុងបញ្ឆេះកំហឹងប្រជាពលរដ្ឋ ដោយបំភ្លៃ បំផ្លើសពីដំណើរការ បោះឆ្នោតថាមិនត្រឹមត្រូវ មិនសេរី និងមិនយុត្តិធម៌។ នៅរៀងរាល់ការបោះឆ្នោត ពួកគេតែងតែសហការគ្នាមួលបង្កាច់ រដ្ឋាភិបាល និងគណបក្សកាន់អំណាចដឹកនាំដោយលោក ហ៊ុន សែន ដើម្បីទាញយក ប្រជាប្រិយភាព ឬញុះញង់ពលរដ្ឋឱ្យខឹងសម្បារនឹងរដ្ឋអំណាច។ ទាំងនេះ គឺជាល្បិចកលដែល ពួកគេរៀបចំ ឡើងក្នុងផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូររបប តាមបែបមិនប្រជាធិបតេយ្យព្រោះពួកគេបានតស៊ូអស់លទ្ធភាពតាមការបោះឆ្នោតទៅហើយ ប៉ុន្តែនៅតែមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយ ព្រោះគណបក្សនេះជាគណបក្សដែលមានបទពិសោធជ្រាលជ្រៅនិងមានធនធាន មនុស្សគ្រប់គ្រាន់ដឹកនាំគ្រប់គ្រងប្រទេស និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំផ្លាញផែនការ ទិច្ចរិតបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងនិងចៅហ្វាយនាយរបស់ពួកគេទៀតផង។

ដូច្នេះក្រុមអ្នកនយោបាយរត់ចោលស្រុក ព្រមទាំងចៅហ្វាយនាយរបស់ពួកគេ រួមនឹងក្រុមអង្គការសង្គមស៊ីវិលស៊ីឈ្មួល និងលក់ខ្លួនឱ្យបរទេស មិនអាចបំផ្លាញការបោះឆ្នោតនៅកម្ពុជា បានឡើយ ហើយពួកគេក៏នឹងមិនអាចធ្វើអ្វីស្រេចតែអំពើ ចិត្តបានឡើយព្រោះប្រទេសនេះមានច្បាប់ហើយអាជ្ញាធរ មានសម្ថកិច្ចក៏ក្តាប់បាន និងចាត់វិធានការទុកជាមុន ដើម្បីបំផ្លាញនូវឧបាយកលទុច្ចរឹតទាំងអស់នេះ ហើយជន ទាំងឡាយណាដែលប្រព្រឹត្តអំពើខុសច្បាប់ បង្កហេតុ រំខាន ប្រឆាំងនិងបំផ្លាញការបោះឆ្នោតដែលជាធាតុដ៏សំខាន់នៃ លទ្ធិប្រជាធិបតេយ្យឬអុកឡុកនៅអំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត ជនទាំងនោះ នឹងត្រូវតែប្រឈមចំពោះមុខច្បាប់ជាដាច់ខាតដោយមិនអាច លើកលែងបានឡើយ។

ទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួក្បត់ជាតិ របស់ខ្លួនបានត្រឹមតែស្រែកពីខាងក្រៅតែប៉ុណ្ណោះ ហើយនឹងគ្មានប្រយោជន៍អ្វីឡើយព្រោះអ្វីៗមិនអាចដូចការរំពឹងទុករបស់ខ្លួនឡើយ។ ផ្ទុយទៅវីញ ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅជាធម្មតា ស្របតាមច្បាប់និងស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ។ ហើយទោះបីជាក្រុមជនក្បត់ជាតិខិតខំបំផ្លាញកម្ពុជា យ៉ាងណាក៏ដោយ ក៏ រដ្ធអំណាច ស្របច្បាប់ដឹកនាំដោយលោក ហ៊ុន សែនហើយដែលមានការ ចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋកម្ពុជាបានតាំងចិត្តរួចជាស្រេចថា ទោះបីជាក្នុងតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឱ្យជនក្បត់ជាតិបំផ្លាញសន្តិភាព ការអភិវឌ្ឍនិងលទ្ធិប្រជាធិបតេយ្យ ដែលរកបានដោយពិបាកបំផុតនេះបានឡើយ៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨

Facebook Comments
Loading...