ទស្សនៈមិត្តអ្នកអាន៖ កេរតំណែល ដ៏អសោចរបស់ សម រង្ស៊ី គឺការញុះញង់ ឱ្យស្អប់ខ្ពើម រើសអើង ប្រកាន់ពូជសាសន៍ និងបែងចែកវណ្ណៈសង្គម នៅកម្ពុជា

0
829

(ភ្នុំពេញ)៖ នៅក្នុងជីវិតនយោបាយ រយៈពេលជិត ៣០ឆ្នាំរបស់ខ្លួន នៅកម្ពុជា សម រង្ស៊ី គ្មានបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជនកម្ពុជាឡើយ គឺមានតែការបំផ្លិចបំផ្លាញ ការបង្កចលាចលសង្គម ភូតភរ កុហកបោកប្រាស់ បំផ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តសភាពការណ៍ពិត អង្វរបរទេសកុំឱ្យវិនិយោគ កុំផ្តល់ជំនួយ និងកុំទិញទំនិញពីកម្ពុជា ឱនក្បាលចំពោះបរទេស និងយកឯករាជភាព និងអធិបតេយ្យជាតិខ្មែរ ដាក់ក្រោមបាតជើងជនបរទេស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួកប៉ុណ្ណោះ។

ជាងនេះទៅទៀត នៅពេលមានការរៀបចំការបោះឆ្នោតម្តងៗ សម រង្ស៊ី រួមនឹងក្រុមរបស់ខ្លួនតែងតែបានប្រើប្រាស់ នូវការញុះញង់ប្រជាពលរដ្ឋខ្មែរ ឱ្យស្អប់ខ្ពើមរើសអើង ប្រកាន់ពូជសាសន៍ ដែលផ្ទុយស្រឡះ ពីគោលការណ៍ ស្តីអំពីសិទ្ធិមនុស្ស ដែលមិនអនុញ្ញាតឱ្យមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឋានៈឡើយ។

បើដឹងថាបំពានច្បាប់ ហេតុអ្វីបានជា សម រង្ស៊ី និងគូកនខ្លួន នៅតែបន្តប្រើប្រាស់ការញុះញង់រើសអើងប្រកាន់ពូជសាសន៍ ធ្វើជាឈ្នាន់ដើម្បីស្វែងរកការគាំទ្រ និងបង្កើនប្រជាប្រិយភាពនយោបាយ របស់ខ្លួនទៀត?

ទី១៖ ធ្វើនយោបាយប្រជាភិថុតិ និងប្រជោបាយនិយម៖ ចាប់តាំងពីដើមតរៀងមក សម រង្ស៊ី និងបក្ខពួកបានធ្វើនយោបាយប្រជាភិថុតិ លួងលោម បោកប្រាស់ និងភូតកុហកប្រជាជនតាមរយៈការសន្យាខ្យល់នៅរៀងរាល់រដូវបោះឆ្នោតម្តងៗ។ ពួកគេយកប្រាក់ធ្វើជានុយ ដើម្បីទាញយកការគាំទ្រ ដោយដឹងថា មនុស្សត្រូវការលុយជាចាំបាច់ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា លុយដ៏ច្រើនសន្ធឹកសន្ធាប់ដែលពួកគេសន្យានោះ បានមកពីណាឡើយ។ ជាមួយគ្នានេះ សម រង្ស៊ី និងគូកន បាននិងកំពុងអនុវត្តនយោបាយប្រជោបាយនិយម មានន័យថា ពួកគេញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះ។ សម រង្ស៊ី និងបក្ខពួកបានឃោសនាបែបអកុសលអំពីកម្ពុជា និងលាបពណ៌ការពិតរបស់កម្ពុជា ទៅជាអាក្រក់ជូរជាតិ និងបានបំភ្លៃ និងក្លែងខ្លួនពីជនល្មើសច្បាប់ មកជាជនរងគ្រោះអាជីព។ ពួកគេខិតខំញុះញង់ប្រជាពលរដ្ឋឱ្យដកជំនឿទុកចិត្តពីអាជ្ញាធរ និងដុតរោលកំហឹងពលរដ្ឋនៅលើបញ្ហាសង្គម បញ្ឆេះកំហឹងពលរដ្ឋទៅលើរឿងរ៉ាវគ្រប់គ្រងប្រទេស ដោយទាញយកតែចំណុចអវិជ្ជមាន និងបំភ្លេចចោលនូវចំណុចវិជ្ជមាន និងភាពត្រឹមត្រូវនៃការដឹកនាំប្រទេស។ ពួកគេចង់ឈ្នះជ្រុលពេក ជាពិសេសមហិច្ឆតាគំនុំសងសឹករបស់ត្រកូល សម នាំឱ្យបាត់ បង់គោលការណ៍ និងមនសិការ «រិះគន់ដើម្បីស្ថាបនា»។ អ្វីដែលសម រង្ស៊ី និងបក្ខពួកបាន និងកំពុងធ្វើ គឺជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរបច្ចុប្បន្ន ព្រមទាំងដំណើរលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ ព្រោះនយោបាយប្រជោបាយនិយមនេះ នឹងនាំឱ្យមានការបែកបាក់ជាតិ និងបង្កភាពវឹកវរចលាចលសង្គម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី។

ទី២៖ យកការរើសអើងប្រកាន់ពូជសាសន៍ដើម្បីបង្កើនប្រជាប្រិយ និងការគាំទ្រនយោបាយ៖ មេដឹកនាំខ្មែរក្រហម ប៉ុល ពត បានប្រើប្រាស់ជម្លោះជាតិសាសន៍ ការរើសអើងប្រកាន់ពូជសាសន៍ជាពិសេសបញ្ឆេះកំហឹង ឱ្យពលរដ្ឋខ្មែរស្អប់ជនជាតិវៀតណាមធ្វើជាលេស ដើម្បីទាក់ទាញកម្លាំងប្រជាជនចូលរួមក្នុងចលនាប្រដាប់អាវុធខុសច្បាប់របស់ខ្លួន និងបានញុះញង់ថា វាយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមកុំឱ្យលេប យកទឹកដីកម្ពុជាជាដើម។ ចុងក្រោយលេសនេះគ្មានប្រយោជន៍ មិនអាចបន្តបោកប្រាស់ភូតកុហកពលរដ្ឋបានទៀតឡើយ ព្រោះនៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមដកចេញអស់ពីកម្ពុជា នៅឆ្នាំ១៩៨៩ ពលរដ្ឋដឹងថា ការវាយប្រយុទ្ធជាបន្តបន្ទាប់ គឺជាការច្បាំងរវាងខ្មែរ និងខ្មែរប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាប៉ុល ពត បាត់បង់ការគាំទ្រ ហើយកម្លាំងខ្មែរក្រហមបានរត់ចោលជួរ និងធ្វើសមាហរណកម្មចូលរួមរស់ជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្រោមការអនុវត្ត នយោបាយ«ឈ្នះ-ឈ្នះ» ផ្តួចផ្តើមគំនិតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមក៏ត្រូវបានរំលាយ និងកម្ពុជាមានសុខសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ មិនខុសពីខ្មែរក្រហម ប៉ុល ពត ប៉ុន្មានទេ សម រង្ស៊ី ដែលពោរពេញដោយគំនុំគ្រួសារ ដោយសារតែឪពុកខ្លួនត្រូវបានចាត់ទុកថា ជា ជនក្បត់ជាតិ បានប្រើប្រាស់នយោបាយញុះញង់រើសអើងប្រកាន់ពូជសាសន៍នេះ ដើម្បីបង្កើនប្រជាប្រិយភាព និងទាក់ទាញជំនឿទុកចិត្តពីប្រជាពលរដ្ឋ ព្រោះការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត និងដក់ជាប់នូវមនោគមវិជ្ជាជម្លោះជាតិសាសន៍ ដែលជាការងាយស្រួលបំភ្លៃការពិត។ ចាប់តាំងពីឆ្នាំ ១៩៩២ មក សម រង្ស៊ី បានប្រើនយោបាយស្អប់ខ្ពើមជាតិសាសន៍នេះ ដើម្បីយកឈ្នះលើការប្រកួតប្រជែងនយោបាយរបស់ខ្លួន រហូតដល់អាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ព្រមាន សម រង្ស៊ី ផងដែរ។ សម រង្ស៊ី នៅតែបន្តប្រើការរើសអើងប្រកាន់ជាតិសាសន៍ ដើម្បីផលប្រយោជន៍នយោបាយខ្លួន ហើយបច្ចុប្បន្នមិនមែនត្រឹមតែញុះញង់ស្អប់ខ្ពើមប្រកាន់ពូជសាសន៍លើជនជាតិវៀតណាមទេ ប៉ុន្តែជនជាតិចិនគឺជាគោលដៅទី២ ដើម្បីចំណេញនយោបាយ។ សូម្បីតែអ្នកគាំទ្រសម រង្ស៊ី ក៏បានស្ទាត់ជំនាញនៅក្នុងការលាបពណ៌ និងញុះ ញង់រើសអើងប្រកាន់ជាតិសាសន៍ដែរ ដោយអ្នកដែលមិនយល់ដូចខ្លួន មិនគាំទ្របក្សនយោបាយដូចខ្លួន និងរិះ គន់ដើម្បីស្ថាបនាគឺសុទ្ធតែក្លាយជា «ជនជាតិយួន» ទាំងអស់។ ទង្វើរំលោភបំពានសិទ្ធិមនុស្សរបស់ សម រង្ស៊ី និងអ្នកគាំទ្ររបស់ខ្លួន មិនដែលឃើញមានប្រតិកម្មឬការណែនាំណាមួយពីក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ឬតំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សក្នុងនោះ មានលោកស្រី រ៉ូណា ស្មីត ដែលពោរពេញដោយភាពលម្អៀងនយោបាយ ឬប្រទេសជាចៅហ្វាយនាយពួកគេឡើយ។ ប៉ុន្តែ ពួកគេបានដំឡើងសំឡេងរិះគន់រាជរដ្ឋាភិបាលកម្ពុជា នៅពេលកម្ពុជាអនុវត្តច្បាប់ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា ប្រឆាំងនឹងការគំរាមកំហែង បំផ្លាញផែនការបដិវត្តន៍ពណ៌ ដែលមានសម រង្ស៊ី និងកឹម សុខា បក្សសង្គ្រោះជាតិជាអ្នកអនុវត្តយ៉ាងសកម្មក្រោមការបង្គាប់បញ្ជាពីចៅហ្វាយនាយបរទេសពួកគេ។ អង្គការនិងប្រទេសដែលតាំងខ្លួនជាអ្នកគោរពសិទ្ធិមនុស្សក៏អនុវត្តស្តង់ ដារពីរដែរដើម្បីការពារផលប្រយោជន៍របស់ពួកគេ។

ទី៣៖ បម្រើឱ្យភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេសពួកគេ៖ សម រង្ស៊ី និងបក្ខពួកពិតជាបាន និងកំពុងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ របស់បរទេស តាមរយៈការបន្ទោសបង្អាប់ជាតិសាសន៍ម្ខាងទៀត និងលើកតម្កើងជាតិសាសន៍ ដែលជាចៅហ្វាយនាយរបស់ខ្លួន។ សម រង្ស៊ី បានញុះញង់ប្រជាពលរដ្ឋខ្មែរ ឱ្យរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម និងជនជាតិចិននៅកម្ពុជា នៅក្នុងចេតនាបម្រើផលប្រយោជន៍នយោបាយខ្លួន តាមរយៈការបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យក្តៅក្រហាយនឹងជាតិសាសន៍ទាំងនោះ និងបម្រើផលប្រយោជន៍ភូមិសាស្ត្ររបស់ម្ចាស់ពួកគេដែលមានការប្រកួតប្រជែងជាមួយចិន។ ពួកគេមិនបានធ្វើនយោបាយសន្តិភាពនិយមឡើយ ហើយក៏មិនខ្ចីរវីរវល់នឹងពន្យល់ប្រជាពលរដ្ឋថា ជនជាតិវៀតណាម និងជនជាតិចិនដែលមានវត្តមាននៅកម្ពុជា ក្នុងនាមជាវិនិយោគិនគឺមានច្បាប់ត្រឹមត្រូវ និងអ្នកខ្លះបានរស់នៅ និងកើតនៅលើទឹកដីកម្ពុជាជាយូរមកហើយ និងរស់នៅស្របតាមច្បាប់ស្តីពីសញ្ជាតិ។ ពួកគេមិនបានប្រៀបធៀបការរស់នៅ របស់ពលរដ្ឋខ្មែរ ដែលភៀសខ្លួនពីសង្គ្រាម ទៅរស់នៅប្រទេសផ្សេងៗ រាប់ទាំងក្រុមអ្នកកំពុងញុះញង់ស្អប់ខ្ពើមជាតិសាសន៍មួយចំនួនផងថា មិនចំលែកឡើយ ដែលប្រទេសមួយ មានជាតិសាសន៍ច្រើនរស់នៅ និងត្រូវស្ថិត ក្រោមច្បាប់នៃម្ចាស់ប្រទេស។ ប៉ុន្តែគ្មានអ្វីដែលលំបាកជាងគេ ដែលដាស់មនុស្សធ្វើពុតជាដេកលក់ឱ្យភ្ញាក់ ឡើងវិញនោះទេ។ សម រង្ស៊ី និងបក្ខពួកគួរឈប់លេងល្បែងដុតបញ្ឆេះកំហឹងជាតិសាសន៍ដ៏គ្រោះថ្នាក់នេះទៅ វានឹងមិនចំណេញអ្វីដល់ជាតិនោះទេ គឺមានតែបែកបាក់ជាតិ ជម្លោះជាតិសាសន៍ និងហិង្សាតែប៉ុណ្ណោះ។

សរុបមកវិញសមិទ្ធផលធំៗរបស់ សម រង្ស៊ី គឺមានតែការបំផ្លាញជាតិ និងបង្កចលាចលសង្គម និងបង្កឱ្យបែកបាក់សាមគ្គីជាតិខ្មែរតែប៉ុណ្ណោះ គ្មានសមិទ្ធិផលជាប្រយោជន៍សម្រាប់ប្រជាជនទេ។ ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី ដែលបានឈានដល់ទីបញ្ចប់ហើយនេះបានបន្សល់ត្រឹមតែកេរតំណែលដ៏អសោចជូរជាតិ គឺបង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដល់អ្នកដែលដើរតាមនយោបាយខ្លួន។ ក្រៅពីមានឈ្មោះជាជនក្បត់ជាតិ សម រង្ស៊ី នឹងជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រគឺជាអ្នករើសអើងស្អប់ខ្ពើមជាតិសាសន៍ដ៏ សកម្មម្នាក់ដែលរំលោភបំពានច្បាប់ និងសេក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សសកល៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨

Facebook Comments
Loading...