ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ឧបត្ថម្ភកុំព្យូទ័រចំនួន០២ គ្រឿងដល់អនុវិទ្យាល័យអូរផ្លាយ និងផ្ដល់រង្វាន់ដល់សិស្សឆ្នើមម្នាក់

0
1033

ខេត្តមណ្ឌលគិរី៖ ដើម្បីជម្រុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យអូរផ្លាយ ស្ថិតនៅក្នុង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលកន្លងមកពួកគេចង់បានកុំព្យូទ័រ សម្រាប់រៀនប្រើប្រាស់ឲ្យមានមូលដ្ឋានគ្រឹះផ្នែកបច្ចេក វិទ្យាក្នុងការសិក្សាកម្រិតទូទៅនោះ លោកព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី បានបំពេញបំណងដល់ប្អូនៗសិស្សានុសិស្ស ដោយបានប្រគល់កុំព្យូទ័រចំនួន២គ្រឿង ដល់អនុវិទ្យាល័យអូរផ្លាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាលា ក្នុងការបង្ហាត់បង្រៀន ដល់សិស្សានុសិស្សឲ្យមានចំណេះដឹងផ្នែកកុំព្យូទ័រ ក៏ដូចជាការរួមចំណែកជួយដល់វិស័យអប់រំ ។

ថ្លែងក្នុងការសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្ស នៅអនុវិទ្យាល័យអូរផ្លាយ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រោះតែលោកស្រលាញ់ និងចង់រួមចំណែកជួយដល់វិស័យអបរំ លោកបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សទូទៅ ដែលមានសមត្ថភាពប្រលងជាប់លេខ១ ផ្នែកគណិតវិទ្យា និងផ្នែកអក្សរសាស្ត្រខ្មែរ ។

លោកព្រះរាជអាជ្ញាបានបន្ថែមថា ការដែលលោកផ្ដល់កុំព្យូទ័រឲ្យសាលានេះ ព្រោះតែចង់ឲ្យប្អូនៗជា សិស្សានុសិស្សមានមូលដ្ឋានក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីងាយស្រួលរកការងារធ្វើនៅថ្ងៃអនាគត ហើយសព្វថ្ងៃ ប្រទេសជាតិយើងកំពុងមានសន្តិភាពពេញលេញ នេះជាឱកាសដ៏ល្អសម្រាប់ប្អូនៗខិតខំរៀនសូត្រ ដើម្បីអាចឈោង ចាប់ការងារល្អៗក្រោយបញ្ចប់ការសិក្សា។បន្ទាប់មកលោក ព្រះរាជអាជ្ញាបានណែនាំដល់សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយអំពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

នាឱកាសនោះដែរលោក ឡុង ហុកម៉េង ក៏បានឧបត្ថមដល់សិស្សពូកែម្នាក់ រៀនថ្នាក់ទី៩ ដែលប្រឡងជាប់លេខ១ប្រចាំខែនៅវិទ្យាល័យអូរផ្លាយ ទឹកប្រាក់ចំនួន១០០$ និងបានឧបត្ថមសម្ភារៈកីឡាមួយចំនួនទៀតដល់សាលាផងដែរ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ក៏ធ្លាប់បានឧបត្ថមដល់សិស្សឆ្នើមផ្នែក អក្សរសាស្ត្រខ្មែរ នៅអនុវិទ្យាល័យអូរផ្លាយនេះ នូវម៉ូតូចំនួន០១គ្រឿង ព្រមទាំងឧបត្ថមសម្ភារៈសិក្សា និងថវិកា មួយចំនួនដល់អនុវិទ្យាល័យមួយនេះផងដែរ ៕ ដោយ៖មនោរម្យ

Facebook Comments
Loading...