នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ៣ម៉ឺននាក់នៅខេត្តកណ្តាល

0
575

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃព្រសហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៨ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ វិនិយោគដោយជនជាតិចិនចំនួន ២១រោងចក្រ, វិនិយោគដោយជនជាតិកូរ៉េ ១រោងចក្រ, ជប៉ុនចំនួន ១រោងចក្រ និងខ្មែរ ២រោងចក្រ។ រោងចក្រទាំង ២៥នេះ មានរោងចក្រកាត់សម្លៀកបំបាក់ចំនួន២១ ផលិតកាបូបចំនួន៣ និងដេរប៉ាក់ចំនួន១។

បើតាមលោក អ៉ិត សំហេង ផលិតផលដែលផលិតដោយរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកអង្គស្នួល និងមកពីបណ្តាស្រុកនានានៅក្បែរនោះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។

លោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងខេត្តកណ្តាលមកដល់ពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦២ មានកម្មករ និយោជិតចំនួន ១៥០,៥១៥នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៦៣លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៦៨ មានកម្មករ និយោជិតចំនួន ១៣៤,៣២៣នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣២២លានដុល្លារអាមេរិក។

សូមបញ្ជាក់ថាជំនួបសំណេះសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅក្នុងខេត្តកណ្តាលនាថ្ងៃនេះ គឺជាការជួបសំណេះសំណាលលើកទី៤៩ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកនោះ។ ជំនួបទាំង៤៨លើកនេះ មានកម្មករ កម្មការិនីចូលរួមសរុប ៦៨១,៦៣៣នាក់៕


Facebook Comments
Loading...