ការស្វែងរកមនុស្សទាំង១៣នាក់ដែលបាត់ខ្លួនក្នុងរូងភ្នំ ត្រូវបង្ខំចិត្តផ្អាកបណ្តោះអាសន្ន

0
1028

(ថៃ) : យោងតាមអាជ្ញាធរថៃ ការបូមទឹកចេញពីរូងភ្នំថាមលួង ណាង ណុន ត្រូវបានផ្អាកហើយផ្លូវចូលត្រូវទឹកជន់លិច រីឯអ្នកមុជទឹកក៏ត្រូវ បង្ខំចិត្តផ្អាកការស្វែងរករបស់ពួកគេជាបណ្ដោះអាសន្នផងដែរ។

ចំណែកឯ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះនៅតែបន្តបន់ស្រន់ ព្រះនៅខាងក្រៅរូងភ្នំ និងដើម្បីរង់ចាំស្ដាប់ព័ត៌មានថ្មីៗ ខណៈប្រតិបត្តិការជួយសង្រ្គោះគឺកំពុងផ្ដោតសំខាន់លើការស្វែងរកផ្លូវថ្មី ជាមួយការជីកប្រហោងចូលទៅក្នុងរូងភ្នំ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតពីទីតាំងស្ថិតនៅរបស់អ្នកបាត់ខ្លួន ទាំងអស់ក្នុងរូងភ្នំនៅឡើយទេ ហើយក៏មិនមានការអះអាងថាពួកគេនៅមានជីវិត ស្របពេលនាយករដ្ឋមន្រ្តីថៃនឹងធ្វើដំណើរទៅកាន់ ទីកន្លែងកើតហេតុនៅល្ងាចនេះ។

គួររំលឹកថា ក្មេងជំទង់ ១២នាក់ ដែលជាកីឡាករបាល់ទាត់មកពីក្លឹប មូប៉ា (Mu Pa Academy) និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ។ ក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងរូងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជារូង ភ្នំវែងជាងគេបំផុតទី០៤ របស់ថៃ។

ក្មេងទាំងនេះមានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ ហើយគ្រូបង្វឹកបាល់ទាត់របស់ពួកគេមានអាយុ ២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា មិនអាចចាកចេញពីរូងភ្នំនេះបានឡើយ នៅមុនពេលមានទឹកជន់លិចដោយសារតែ ភ្លៀងធ្លាក់ខ្លាំង ដែលកំពុងបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះ។

Facebook Comments
Loading...