យុគ យក្សគីលស្វាគមន៍អ្នកប្រដាល់កាណាដា

0
860

ភ្នំពេញ: អ្នកប្រដាល់វ័យចាស់កម្ពុជាយុគ យក្សគីលក្លិបកងចក្ររាជសីហ៍បានត្រៀមខ្លួនដើម្បីស្វាគមន៍អ្នកប្រដាល់កាណាដាហាត់ស្រុកថៃឈ្មោះអាឡាំង(A Lain)លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៦មិថុនា ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។

យក្សគីលមានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៧១ដង ចាញ់៣០ដង ។គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃវ៉ៃចេញធ្ងន់ល្អតែការវ៉ៃចេញរបស់គេមិនសូវជាចំគោលដៅប៉ុន្មានឡើយ ។អ្នកប្រដាល់រូបនេះគេមានចរឹកចូលចិត្តធ្វើ ឬក្សជាបន្លាចគូប្រកួតណាស់តែបើគូប្រកួតច្រាស់សងមកវិញធ្ងន់ៗនោះគេចាប់ផ្ដើមរារែកចិត្តវ៉ៃចេញលែងរួចតែម្ដងមិនតែប៉ុណ្ណោះកម្លាំងរបស់គេបន្ទាប់ពីឆ្លងផុត៣ទឹកគឺវេទនាជាមិនខានឡើយ ។

ចំពោះអ្នកប្រដាល់កាណាដាអាឡាំងវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។គេមានប្រវត្តិប្រកួតទើបតែ៣៣ដង ឈ្នះ២៥ដង និង ចាញ់៤ដង ។មិនមាននរណាដឹងថាអ្នកប្រដាល់រូបនេះមានរបៀបវ៉ៃបែបណាៗនោះឡើយ។តែគេជឿថានេះជាគូប្រកួតមួយដែលគេដាក់មកដើម្បីឲ្យយក្សគីលមានឱកាសកសាងជ័យជំនះសម្រាប់ខ្លួនហើយ។បើចាញ់ទៀតឱកាសប្រកួតជាមួយបរទេសនឹងកាន់តែលំបាកហើយសម្រាប់យក្សគីលព្រោះគេចាញ់ស្ទើរតែគ្រប់ការប្រកួតទៅហើយ ។

សេកគឹមរូនក្លិបអង្គរមានជ័យខេត្តសៀមរាបដែលជាអ្នកប្រដាល់ចូលចិត្តប្រើកម្លាំងដើម្បីបង្ក្រាបគូប្រកួតនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះផាតស្រាកែវ(Phat Srakeo)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។គឹមរូនមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៩ដង ចាញ់១៣ដង ។

អ្នកប្រដាល់ថៃផាត ស្រាកែវគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ សមត្ថភាពគេប៉ុណ្ណាៗនោះក៏មិនមាននរណាដឹងដែរតែបើតាមការឲ្យដឹងពីមន្ត្រី្គផ្គូរផ្គងនោះថាអ្នកប្រដាល់ថៃរូបនេះមានកម្លាំងអស្ចារ្យមិនអន់ជាងគឹមរូនឡើយមិនតែប៉ុណ្ណោះកលល្បិចរបស់សំបូរបែបទៀតផង ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥០ដង ចាញ់៩ដង ។

ជំនួបរវាងអ្នកប្រដាល់កម្ពុជាសេក គឹមរូនជាមួយអ្នកប្រដាល់ថៃផាត ស្រាកែវមិនដឹងថានរណាជួបសំណាងល្អនោះទេ ។ គឹមរូនអះអាងថាគេត្រូវតែស្ពាយជ័យជំនះត្រឡប់ទៅខេត្តសៀមរាបវិញ ឯ ផាត ស្រាកែវក៏និយាយដែរថាជ័យជំនះត្រូវតែជារបស់គេដាច់ខាត ។

Facebook Comments
Loading...