ម៉ន សាម៉េត ជួបផាត ងិនថង លើសង្វៀនBoostrong Fighter

0
869

ភ្នំពេញ:អ្នកប្រដាល់ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ដែលជីវិតប្រដាល់របស់គេហាក់ដូចជាលិច អណ្ដែតមិនទៀងទាត់នោះនៅព្រឹកថ្ងៃទី១៧មិថុនានេះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផាត ងិនថង(Phat Ngin Thong)លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ ។

អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ សាម៉េតជាអ្នកប្រដាល់ចិត្តធំ និង ក្លាហានមួយរូបតែអ្នកប្រដាល់រូបនេះចូលចិត្តវាយបន្ថែមលើគូប្រកួតនៅពេលគូប្រកួតដួល ឬ បន្ទាប់អាជ្ញាកណ្ដាលឃាត់ទៅហើយនោះ ។ មិនតែប៉ុណ្ណោះគេក៏ពូកែស៊ីឡាកគរាន់បើដែរ ។

អ្នកប្រដាល់រូបនេះបន្ទាប់ពីតស៊ូ៣ទឹកហើយនោះកម្លាំងរបស់គេស្រុតចុះតែម្ដងតែទោះជាយ៉ាងនេះក្ដីក៏គេនៅអាចទ្រាំទ្ររហូតចប់ទឹកទី៥បាន ។ សាម៉េតមានប្រវត្តិប្រកួតចំនួន១៣៥ដង ឈ្នះ១០០ដង ចាញ់៣០ដង និងស្មើពិន្ទុ៥ ដង ។

ចំពោះអ្នកប្រដាល់ថៃផាត ងិនថងវិញគេស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់ ។ គេជាអ្នកប្រដាល់ដែលមានកម្លាំងគ្រប់គ្រាន់ដើម្បីតស៊ូ៥ទឹកជាមួយគូប្រកួត ។អ្នកប្រដាល់ថៃរូបនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នាជាមួយសាម៉េតដែរ ។

ផាត ងិនថងមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៣ដង ចាញ់១៤ដង ។ការជួបគ្នារវាងអ្នកប្រដាល់ទាំង ២ រូបនេះគេជឿថានឹងប្រកួតគ្នា ៥ទឹកពេញជាមិនខាន ។នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...