រដ្ឋមន្ត្រីសង្គមកិច្ច អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តឲ្យបានគ្រប់គ្នា

0
912

ត្បូងឃ្មុំ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ប្រយោជន៍ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសសម្រាប់អាណត្តិទី៦ ដែលនិងប្រព្រឹត្តទៅ នាពេលខាងមុខឆាប់ៗនេះ ។

ការអំពាវនាវនេះគឺបានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន១៣០០នាក់ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនាពេលនោះ លោក រដ្ឋមន្ត្រី វង សូត បានលើកឡើងថា មកដល់ពេលនេះ មានគណបក្សនយោបាយ មានគណបក្សជាច្រើន ដែលបានចុះឈ្មោះប្រគួតប្រជែងការបោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនេះបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញ មិនដូចអ្វីដែលក្រុមមនុស្សមួយចំនួនដើរនិយាយបង្ខូចថា កម្ពុជាមិនមានលទ្ធិប្រជាធិតេយ្យ មិនគោរពសិទ្ធិមនុស្សនោះទេ ។

រដ្ឋមន្ត្រី វង សូត បានបន្ថែមថា ការអនុវត្តិលទ្ធិប្រជាធិបតេយ្យទៅបានយ៉ាងពេញលេញនេះ គឺដោយសារការចូលរួម របស់ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដូចនេះក្នុងបោះឆ្នោតនាពេលខាងមុខនេះសូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
សូមជម្រាបថា នៅក្នុងឳកាសនោះ តំណាងប្រជាពលរដ្ឋមួយចំនួន បានសំណូមពរជាច្រើន ក្នុងនោះរួមមាន បញ្ហាផ្លូវ ភ្លើង និង សាលារៀន គឺជារឿងដែលពួកគាត់ ស្នើរឲ្យជួយដោះស្រាយ ដើម្បីសម្រួលដល់ ការរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

ជាការឆ្លើយតបចំពោះសំណើរនេះ លោក វង សូត បានផ្តល់ប្រាក់៨លានរៀល សម្រាប់ដោះស្រាយ បញ្ហាចំពោះមុខ ខណៈបញ្ហា មួយចំនួន នឹងសិក្សាដោះស្រាយបន្តតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ពីព្រោះថាបញ្ហាទាំងអស់ មិនអាចដោះស្រាយតាម សំណូមពរតែមួយពេលបាននោះទេ ពោលគឺ ត្រូវធ្វើជាជំហានៗ៕


Facebook Comments
Loading...