សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តការណ៍ នៃការប្រកួតកីឡាជាតិលើកទី២

0
888

នៅល្ងាចថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី២នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨នេះ គឺក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងកាអភិវឌ្ឍ» ដែលមានរយៈពេលជាងមួយសប្តាហ៍ទៅហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក​ ដែលបានព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨នេះ ដែលមានកីឡាករ កីឡាករនីចូលរួមប្រកួតប្រមាណជាង៤ពាន់នាក់ មកពី២៥រាជធានីខេត្ត។ សំរាប់កម្មវិធីបិទនៃព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី២នេះក៏មានរៀបចំកម្មវិធីប្លែកៗ និងអស្ចារ្យ ជាច្រើនដូចពេលបើកដែរ ដែលមានដូចជាការដង្ហែក្បួនព្យុះហយាត្រានៃប្រតិភូកីឡាតាមបណ្តាខេត្តនានា ការសម្តែងបែបសិល្ប:វប្បធម៌បុរាណ ក្បាច់គុនល្បុក្កតោ ការសម្តែងចលនាកាយសមស្របពីគរុសិស្សកីឡា ក្រុមកីឡាតេក្វាន់ដូ ការសម្តែងចលនាកាយកម្សាន្តចម្រៀង ដោយមានការចូលរួមពីសិល្បករ សិល្បការិនី ល្បីៗជាច្រើនរូប និងការបាញ់កាំជ្រួចអបអរសាទរផដែរ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជារីករាយណាស់ដែលបាន អញ្ជើញមកចូលរួមទាំងពិធីបើក និងពិធីបិទនៃការប្រកួតកីឡាជាតិលើកទី២នេះ ហើយសម្តេចពិតជាមានមោទនភាពចំពោះព្រឹតិ្តការណ៍កីឡាជាតិលើកទី២នេះ ដែលបានទទួលលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាគ្រប់ប្រភេទ ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងក្មួយៗកីឡាករកីឡាការិនីទាំងអស់ដែលបានចូលរួមប្រកួតនៅឆ្នាំនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីនាថ្ងៃនេះពិតជារីករាយ និងកើតមានឡើងស្របពេលដែលប្រទេសកម្ពុជាយើងកំពុងមានសុខសន្តិភាព។ សម្តេចតេជោ ក៏បានថ្លែងអំណរព្រះគុណ ថ្វាយចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គ ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ពីព្រះបរមរាជវាំង មកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីពិធីបើក ។

សម្តេចតេជោ ក៏បានថ្លែងរំលឹកនូវគុណូបការ: ដល់សម្តេចព្រះបរមរតនកោដ្ឋ ដែលកន្លងមកព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះវិស័យកីឡាជាតិ និងបន្សល់នូវពហុកីឡដ្ឋានជាតិនេះ សំរាប់យើងធ្វើការប្រកួតនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញអោយសាលារៀន ឬស្ថាប័នានាទាំងអស់ត្រូវបង្កើត និងបង្កើនកន្លែងលេងកីឡាអោយបានច្រើន សំរាប់លេងកីឡា ដើម្បីអោយកាយសម្បទា និងសុខភាពយើងកាន់តែមានភាពល្អប្រសើរផងដែរ។ ជាមួយគ្នានោះសម្តេចតេជោ ក៏ជំរុញអោយទីសាធារណៈផ្សេងៗត្រូវមានកន្លែងធ្វើលំហាត់ប្រាណ សំរាប់ប្រជាពលរដ្ឋផងដែរ ដើម្បីអោយមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពរីកចម្រើននៃវិស័យកីឡានេះ គឺដោយសារតែកម្ពុជាយើងទទួលបាននូវសុខសន្តិភាពពេញលេញ បើយើងគ្មានសន្តិភាពទេ គឺយើងមិនអាចមានការប្រកួតកីឡាដូចថ្ងៃនេះនោះទេ ដូច្នេះសម្តេចសូមអោយប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពនេះអោយបានគង់វង្ស។

មុននៃពិធីពន្លត់ភ្លើងគប់ និងការបិទព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បាជួនពរដល់កីឡាករ កីឡាការិនី គ្រូបង្វឹក គណៈកម្មការ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី២នេះទាំងអស់ជួបតែសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ៗគ្នា៕

Facebook Comments
Loading...