កសិករភូមិត្រពាំងសង្កែ ចិញ្ចឹមភ្ញាស់កូនមាន់ខ្មែរលក់ មានជីវភាពល្អប្រសើរជាលំដាប់

0
15778

ត្បូងឃ្មុំ៖ គ្រួសារលោកស្រី ពុត សុជា រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជ្រើសយករបរចិញ្ចឹមភ្ញាស់កូនមាន់លក់ ធ្វើឲ្យជីវភាពធូរធាល្អប្រសើរឡើង ក្នុងប្រាក់ចំណូលជាង២លានរៀលក្នុង១ខែ ការចិញ្ចឹមបានជោគជ័យនេះ ដោយមានការជួយជ្រោមជ្រែងផ្តល់បច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ។

លោកស្រី ពុត សុជា អាយុ៣៤ឆ្នាំ បានបញ្ជាក់ឲ្យដឹងថា គ្រួសារគាត់បានចិញ្ចឹមមាន់លក់រយៈពេលជាង១០ឆ្នាំមកហើយ ដំបូងគាត់ចិញ្ចឹមលក់ទាំងមាន់សាច់ និងភ្ញាស់យកកូនលក់ ។ តែនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ គាត់ចិញ្ចឹមដោយភ្ញាស់យកតែកូនលក់ទេ ដោយភ្ញាស់តាម ទូរភ្ញាស់ស្វ័យប្រវត្តិ អាចលក់កូនមាន់ជូនប្រជាពលរដ្ឋក្នុងខេត្ត បានគ្រប់តំរូវការ ជាងនេះទៀត យើងក៏បានលក់ជូនប្រជាពលរដ្ឋនៅក្រៅខេត្ត មានខេត្ត កំពង់ចាម ក្រចេះ និងព្រៃវែងផងដែរ ។ រោងមានទំហំ ៤មែត្រ គុណ ៣៣មែត្រ អាចដាក់មេមត់ចំនួន ២០០ក្បាល និងឈ្មោលបង្កាត់ពូជចំនួន ៤០ក្បាល ដែលវាផលិតបានពងកូនជាង១០០០ក្បាល ការថែរក្សាកូនមាន់ បន្ទាប់ពីញាស់ក្នុងទូរភ្ញាស់រួច យកទៅដាក់ក្នុងទ្រុង ថែរក្សាកូនមាន់ ដោយដាក់អំពូលកំដៅ ផ្តល់ទឹក និងចំណី១ថ្ងៃ៣ទៅ៤ដង នៅពេលវាអាយុបាន៦ថ្ងៃ ត្រុវដាក់វ៉ាក់សាំង អាយធូ ដោយបន្តក់ភ្នែក និងច្រមុះ អាយុបាន១២ថ្ងៃ វ៉ាក់សាំង អុត ដុះស្លាប អាយុ២១ថ្ងៃបន្តក់រំលឹក អាយធូ ឡើងវិញ ។ កូនមាន់មានអាយុ២១ថ្ងៃ អាចលក់បាន ដោយក្នុង១ក្បាលតម្លៃ ៥០០០រៀល លក់រាយ ហើយអ្នកទិញច្រើន (បោះដុំ) លក់១ក្បាលតែ ៤៥០០រៀល ទេ សព្វថ្ងៃនេះ មានទីផ្សារល្អ ការភ្ញាស់លក់សឹងតែភ្ញាស់មិនទាន់តម្រូវការរបស់ប្រជាកសិករយើងផង ។

លោកស្រីបានបញ្ជាក់ពីលក្ខណៈបច្ចេកទេសទៀតថា កូនមាន់ល្អ ដោយសារការជ្រើសរើសមេដែលមានមាឌធំ សុខភាពល្អ មិនធ្លាប់ឆ្លងជំងឺ ផ្តល់ស៊ុតច្រើន ដូចគ្នាដែរ ឈ្មោល ទុកជាន់មេ ត្រូវរើស បាមាឌធំ សុខភាពល្អ មិនធ្លាប់ឆ្លងជំងឺ ពូកែជាន់មេ ហើយយើងចាក់វ៉ាក់សាំងដល់វាឲ្យបានត្រឹមត្រូវដែរ ។ ការថែទាំទ្រុង (ជីវសុវត្ថិភាព) ត្រូវសំអាតទ្រុង ២ទី៣ថ្ងៃម្តង បាញ់ថ្នាំ ឬ បាចកំបោរស សម្លាប់មេរោគ ១សប្តាហ៍ម្តង ត្រូវផ្ដល់ចំណីឲ្យវា១ថ្ងៃ២ដង ព្រឹកម្តង និងល្ងាចម្តងទៀត ដោយប្រើចំណីផ្សំដោយខ្លួនឯង ក្នុងនោះយើងប្រើវត្ថុធាតុដើមក្នុងស្រុក រួមមាន៖ ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅដំឡូងម៉ី ម្សៅព្រីម៉ិច ម្សៅសំបកខ្យង អំបិល បន្លែបៃតង និងម្សៅត្រី ។
លោកស្រីបានបញ្ជាក់ទៀតថា គ្រួសារគាត់មានជីវភាពធូរធារដោយសារគាត់ចិញ្ចឹមមាន់នេះឯង ពោលគឺមានផ្ទះធំទ្រនំខ្ពស់ អាចផ្តល់សេវាឲ្យកូនគាត់រៀនសូត្របានត្រឹមត្រូវ មិនជំពាក់ធនាគារទេ ។ ពិសេសទៀត លោកស្រីទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានស្នាដែឆ្នើមក្នុងការអនុវត្ត ការចិញ្ចឹមមាន់ពូជក្នុងស្រុកយកសាច់ និងភ្ញាស់យកកូនលក់តាមបែបពាណិជ្ជកម្មខា្នតតូច និងបានប្រឡងប្រណាំងក្នុងសន្និបាតកសិករទូទាំងប្រទេសលើកទី៨នាថ្ងៃទី២៩-៣០ខែមិនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ហើយលោកស្រីក៏សូមថ្លែងអំណរគុណដល់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានឲ្យគ្រួសារគាត់ចូលក្នុងគំរោង កាត់បន្ថយភាពក្រីក្រ និងដោយមានការណែនាំ របៀបចិញ្ចឹមមាន់ ទៅតាមលក្ខណៈបច្ចេកទេស ធ្វើឲ្យគ្រួសារនាងខ្ញុំទទួលបានជោគជ័យ ៕ សាន វិឡែម ២៤.៥.២០១៨

Facebook Comments
Loading...