ឯម រៀម បក​ស្រាយ​ រឿង​ អប្សរា មានទាំង​បុរស​និងស្រ្តី ខណៈ​ក្រសួង​បដិសេធមិនមែន​ជាការពិត

0
22364

ថ្មីៗ​នេះ​បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម បាន​បង្ហាញ​គំនិតច្នៃប្រឌិត​ថ្មី​​មួយ​ទៀត ដោយ​ដក​ស្រង់​ចេញ​ពី​រឿង​ល្ខោន​ខោល​ វត្ត​ស្វាយ​អណ្តែត​ ខេត្ត​កណ្ដាល ក្នុង​នោះ​ប្រុស​ៗ​ស្លៀក​សម្លៀក​បំពាក់​មនុស្ស​ស្រី​ទាំងអស់​ មាន​ការ​បូក​បញ្ចូល​គ្នា​ពី​មកុដ​អប្សរា​។ ស្នាដៃ​ថ្មី​នេះ​ ទន្ទឹម​នឹងការ​លាន់​មាត់​សរសើរ ក៏​រង​នូវ​មតិ​រិះគន់​មិន​ស្ទើរ​ដែរ ព្រោះ​យក​តួ​មនុស្ស​ប្រុស​មក​គ្រង​មកុដ​អប្សរា ដែលប្រាស​ចាក​ពី​ការ​ពិត និង​បំផ្លាញ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ។

​ ក្រោយ​ផ្ទុះ​ការ​រិះគន់ ​ម្ចាស់​ស្នាដៃ​រូប​នេះ បាន​ចេញ​មុខ​បក​ស្រាយ​នៅ​លើបណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា មកុដ​អប្សរា​ពាក់ បាន​ទាំង​បុរស​និ​ងស្រ្តី ចំណែក​ឯ​អប្សរា​ក៏​មាន​២​ប្រភេទ​ដែរ នេះ​បើ​តាម​លោក​ឃើញ​នៅ​តាម​សរសរ​ពេជ្រ​នៃ​ប្រាសាទ​បាយ័ន កាល​ពី​អំឡុង​ឆ្នាំ១៩៩៧។ លោក​ថា រូបភាព​ដែល​លោក​បាន​ឃើញ គឺ​រូប​អប្សរា​ទាំង​នេះ​មិន​មាន​ដើម​ទ្រូង​ធំៗដូច​ស្ត្រី​នោះ​ទេ ថែម​ទាំង​មាន​ស្លៀក​ពឹង និង​លើក​ជើង​ខ្ពស់ៗ មិន​ដូច​អប្សរា​នៅ​ប្រាសាទ​អង្គរ​តូច មាន​ដើម​ទ្រូង​ធំៗ និង​មាន​ស្លៀក​សំពត់។

លោក ឯម រៀម ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឃើញ​រូប​ទាំង​នោះ​មក លោក​មាន​ចិត្ត​ស្រលាញ់​មកុដ​អប្សរា តែង​ខ្ចី​មិត្ត​ភក្តិ​ពាក់​ថត​រូប​លេង​ជា​ញឹក​ញយ។ ព្រោះ​តែ​ការ​ឲ្យ​តម្លៃ​លើ​មកុដ​អប្សរា​ដែល​ជា​គ្រឿង​សិល្បៈ​បុរាណ​របស់​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​ឲ្យ ទើប​រូប​លោក​មាន​គំនិត​យក​មក​ច្នៃ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព តាម​ដែល​អាច​ធ្វើ​បាន។


ពាក់ព័ន្ធបញ្ហានេះទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រឹទ្ទាចារ្យ ព្រឿង ឈៀង អះ​អាង​ថា «អប្សរ ​ ឬ​អប្សរា មាន​ន័យ​ថា ស្ត្រី​សួគ៌ ស្រី​អប្សរ ស្រី​ទេព​អប្សរ នាង​អប្សរ ចុះ​បើ​ឲ្យ​បុរស​ពាក់​ជា​រឿង​ចម្លែក​បាត់​ទៅ​ហើយ​»។

ឆ្លង​កាត់​បទ​ពិសោធ​ន៍ជោកជាំ​ផ្នែក​សិល្បៈ​បុរាណ ព្រឹទ្ធាចារ្យ​រូប​នេះ​មិន​ដែល​ប្រទះ​ឃើញ​អប្សរា​ប្រុស​ឡើយ។ ក្នុង​ន័យ​មិន​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​គំនិត​ច្នៃ​ប្រឌិត​ ដែល​តម្រូវ​ឲ្យ​មនុស្ស​ប្រុស​គ្រង​កមុដ​អប្សរា លោក​ថា​នេះ​អាច​ជា​សេរីភាព​នៃ​ការ​ស្រមើ​ស្រមៃ​របស់​អ្នកសិល្បៈ។ យ៉ាង​ណា​ក៏​ដោយ​ព្រឹទ្ធាចារ្យ​នៅ​តែ​អះអាង​ថា មិន​ត្រឹម​តែ​មិន​ដែល​ឃើញ អប្សរា​ប្រុស​ទេ លោក​ក៏​មិន​ប្រទះ​​ឯកសារ​ណាមួយ​បញ្ជាក់ថា អប្សរា​ មាន​មនុស្ស​ប្រុស​ដែរ៕

Facebook Comments
Loading...