ការបំពុល បន្តគំរាមកំហែងសត្វព្រៃនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា

0
164991

ខេត្តព្រះវិហារ (ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨) – សត្វព្រៃប្រភេទរងគ្រោះ ជិតផុតពូជនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា បាននិងកំពុង រងការគំរាមកំហែងពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដាក់បំពុលនៅតាមត្រពាំងនានា។ ក្រុមស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការWCS បានប្រទះឃើញសកម្មភាពបំពុលនេះជាច្រើនករណីនៅដើមឆ្នាំ២០១៨នេះ ហើយការបំពុលនេះបានបណ្តាលឲ្យសត្វស្រុក និងសត្វស្លាបព្រៃ ជាច្រើនក្បាលងាប់ជាបន្តបន្ទាប់។ អង្គការ WCS មានក្តីព្រួយបារម្ភចំពោះ សកម្មភាពការបំពុលចាប់សត្វព្រៃនេះដែលនឹងជៈឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សចំនួននៅសេសសល់នៃសត្វត្មាតទាំង០៣ប្រភេទដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក។

FB_IMG_1522139428827

ក្នុងរយៈពេលខែមករា ដល់ខែសីហា ឆ្នាំ២០១៥ កម្មវិធីគោលនយោបាយ សុខភាព និងសុខភាពសត្វព្រៃនៃអង្គការ WCS បានធ្វើការជិតស្និទ្ធជាមួយ ក្រុមការងារអភិរក្សនៅក្នុងខេត្តព្រះវិហារ និងអង្គការជីវិតសត្វស្លាប អន្តរជាតិនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីចងក្រងឯកសារ មួយចំនួនអំពីករណីសត្វព្រៃស្លាប់ តាមរយៈការបំពុលដោយ ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត។ សត្វព្រៃចំនួន០៦ក្បាល រួមទាំងប្រភេទ ងាយរងគ្រោះ (សត្វសំពោចធំ និងសត្វកុកពាក់អំបោះ) និងប្រភេទ រងគ្រោះជិតផុតពូជបំផុត(សត្វត្មាតត្នោត) ត្រូវបានក្រុមមន្ត្រីល្បាត និងក្រុមតាមដាន និងត្រួតពិនិត្យសត្វព្រៃប្រទះឃើញស្លាប់ នៅជិតត្រពាំងផ្សេងៗគ្នា។

លោក ម៉ៅ ឃៀន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវសត្វព្រៃនៃ អង្គការWCSប្រចាំតំបន់ខ្ពង់រាបភាគខាងជើង បាននិយាយ៖ “ប្រជាជននៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង ប្រើប្រាស់ថ្នាំសម្លាប់ សត្វល្អិតដែល ត្រូវបានគេដឹងថាមានតម្លៃថោកដើម្បីបំពុលសម្លាប់ សត្វព្រៃធ្វើជាម្ហូបអាហារ និងក្នុងគោលបំណងដើម្បី ការពារស្រូវរបស់ពួកគាត់ពីសត្វរលក និងសេកជាដើម។ សកម្មភាពនេះ ជារឿយៗបានសម្លាប់សត្វស្រុកដូចជា គោក្របី មាន់ និងឆ្កែជាដើម។”

តំបន់ខ្ពង់រាបភាគខាងជើងដែលមានដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែប គាំទ្រដល់ការរស់នៅរបស់សត្វស្លាបជិត៣០០ប្រភេទ។ ក្នុងចំណោមនោះ រួមមានសត្វស្លាបប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ដូចជាត្រយ៉ងយក្សដែលជាសត្វស្លាប តំណាងឲ្យប្រទេសកម្ពុជា ត្រយ៉ងចង្កំកស ត្មាតត្នោត ត្មាតផេះ និងត្មាតភ្លើង។

លោក កែន សេរីរដ្ឋា ប្រធានអង្គការWCS បាននិយាយថា៖ “ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដើម្បីបំពុលសត្វព្រៃនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង ក៏ដូចជាតំបន់ផ្សេងទៀត មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ចំនួននៃពពួកថនិកសត្វ និងសត្វស្លាបដែលជាប្រភេទរងការ គំរាមកំហែងជាសាកល។ អង្គការWCS កំពុងធ្វើការរួមគ្នាជាមួយ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Edinburgh សហភាពអឺរ៉ុបដើម្បីសិក្សាស្វែងយល់អំពីកត្តា សង្គម និងសេដ្ឋកិច្ចដែលបណ្តាលឲ្យមានបញ្ហាបំពុលនេះ។”

លោក សេរីរដ្ឋា បានបន្តថា៖ “អង្គការWCS សូមអំពាវនាវដល់សាធារណៈ ជនឲ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃដើម្បីចូលរួមថែរក្សា និងការពារ សត្វព្រៃទាំងអស់នោះឲ្យនៅគង់វង្ស។ ការបរិភោគសាច់ សត្វព្រៃដែលមានផ្ទុកកសារធាតុពុល នាំឲ្យខូចសុខភាពក្នុង រយៈពេលបច្ចុប្បន្ន និងពេលខាងមុខ”។

FB_IMG_1522139419124

FB_IMG_1522139427026

FB_IMG_1522139423905

FB_IMG_1522139420701

FB_IMG_1522139425457

 

Facebook Comments
Loading...