ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាយកបទពិសោធន៍គ្រប់គ្រងរមណីយដ្ឋានអង្គរទៅបង្រៀននិស្សិតនៅប្រទេសជប៉ុន

0
17740

ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយករង បាននាំយកបទពិសោធន៍ និងការរកឃើញថ្មីៗនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ទៅបង្រៀនដល់និស្សិតពីរថ្នាក់ នៃសាកលវិទ្យាល័យ Kanazawa នៃប្រទេសជប៉ុន

ការបង្រៀននេះធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលកវិទ្យាល័យរដ្ឋរបស់ជប៉ុន Kanazawa ដែលបានធ្វើការសិក្សាស្រាវជ្រាវរួមគ្នាលើបញ្ហាទឹក បរិស្ថាន ជីវភាពរបស់ប្រជាពលរដ្ឋ និងវប្បធម៌របស់ប្រទេសកម្ពុជា និងជប៉ុន។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងតាំងពីឆ្នាំ២០០៥ និងបន្តរហូតដល់មកដល់បច្ចុប្បន្ន។

ក្រោយបញ្ចប់ការធ្វើបទបង្ហាញចុងក្រោយ នាពេលថ្មីកន្លងទៅនេះ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ចាប់ពីឆ្នាំ២០០៧មក នៅកំឡុងខែមករា និងខែកុម្ភៈ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Kanazawa តែងអញ្ជើញរូបគាត់មកបង្រៀន ឬធ្វើបទបង្ហាញដល់និស្សិតជារៀងរាល់ឆ្នាំ។ ចាប់ពីឆ្នាំ២០១៤មក ដោយសាកលវិទ្យាល័យ Kanazawa យល់ឃើញថា ការបង្រៀន និងការធ្វើបទបង្ហាញនេះមានសារៈសំខាន់ ទើបបានតែងតាំងឯកឧត្តមជាសាស្ត្រាចារ្យ Visiting Professor ដើម្បីធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ដោយផ្តោតសំខាន់លើការគ្រប់គ្រងទឹក បរិស្ថាន និងជីវភាពរបស់ប្រជាពលរដ្ឋជាដើម។

យោងតាមបទពិសោធន៍នៃការបង្រៀន និងបទបង្ហាញដ៏មានសារៈសំខាន់នេះ សាកលវិទ្យាល័យក៏បានបញ្ជូននិស្សិតឲ្យមកធ្វើកម្មសិក្សា ស្វែងយល់អំពីវប្បធម៌ខ្មែរ និងសិក្សាអំពីការគ្រប់គ្រងរមណីយដ្ឋានអង្គរនៅអាជ្ញាធរជាតិអប្សរារយៈពេល២សប្តាហ៍ សម្រាប់និស្សិតពី៨ទៅ១០នាក់ ជារៀងរាល់ឆ្នាំ។

ក្រៅពីធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ ឯកឧត្តម ហង់ ពៅ ក៏បានឆ្លៀតពេលដ៏មានតម្លៃទៅបំពេញទស្សនកិច្ចសិក្សា នៅទីក្រុងKomatsu និងសាកលវិទ្យាល័យKomatsu និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុង និងសាកលវិទ្យាល័យដើម្បីរឹតចំណងសហប្រតិបត្តិការបន្ថែមទៀតរវាងខេត្ត Komatsu និងរមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបទាំងមូល។

នេះជាមោទនភាពមួយ ដែលថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាមានសមត្ថភាព ហើយត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យរដ្ឋរបស់ប្រទេសជប៉ុនលើឆាកអន្តរជាតិ ពីការងារស្រាវជ្រាវ និងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក៏ដូចជាការចែករំលែកចំណេះដឹងល្អៗនេះដល់និស្សិតបរទេស នៃប្រទេសដ៏ជឿនលឿនទៀតផង៕

រូបភាពពី ៖ ឯកឧត្តម ហង់ ពៅ






Facebook Comments
Loading...