អាជ្ញាធរជាតិអប្សរាត្រៀមខ្លួនចូលរួមសហការក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០១៨

0
5051

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវកសំរឹទ្ធិស័ក ព.ស ២៥៦១ឈានចូល២៥៦២ខាងមុខនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងត្រូវរៀបចំឡើងនៅរមណីយដ្ឋានអង្គរ នឹងមានទម្រង់កាន់តែធំជាងឆ្នាំមុនៗ។ 

មានប្រសាសន៍ក្នុងពិធីជួបពិភាក្សាការងាររវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាស្តីពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះនឹងបង្កើនកម្មវិធីរហូតដល់៣២កម្មវិធី ដែលបង្ហាញអំពីប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរដ៏សំបូរបែប ជាមួយការជួយរួមពីយុវជនស្ម័គ្រចិត្តដល់ទៅជាង៤ពាន់នាក់។

យោងតាមបទបង្ហាញដោយ ឯកឧត្តម សុខ សប្បាយណា ប្រធានផ្នែកប្រតិបត្តិនៃព្រឹត្តការណ៍អង្គរសង្រ្កាន្ត បញ្ជាក់ថា អង្គរសង្ក្រាន្តឆ្នាំនេះនឹងកែសម្រួល និងបន្ថែមនូវកម្មវិធីថ្មីៗមួយចំនួនទៀត ដើម្បីឲ្យមានទាក់ទាញកាន់តែខ្លាំង ដូចជា សហស្សវិចិត្រវាយនា ដែលជាការកម្មវិធីបង្ហាញក្រមាខ្មែរដ៏វិចិត្រប្រវែង១០០០ម៉ែត្រ កម្មវិធីព្រៃប្រសិទ្ធីដើម្បីបណ្តុះការស្រឡាញ់ព្រៃឈើនិងសត្វព្រៃ និងកម្មវិធីបាញ់ព្រួញជាដើម។ល។

ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានេះថា អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចរាល់ដើម្បីសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះហើយ។ ជាក់ស្តែង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានដោះស្រាយជូននូវសំណូមពរ១០១ចំណុច ក្នុងចំណោយម១០៤សំណូមពរ ដែលក្រុមការងាររៀបចំព្រឹត្តិការណ៍បានស្នើមកអាជ្ញាធរជាតិអប្សរា។ ចំណុចដែលនៅសេសសល់តិចតួច ក្រុមការងារកំពុងបន្តដោះស្រាយជូនក្រុមការងាររៀបចំព្រឹត្តិការណ៍បន្ថែមទៀត។

គួររំឭកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមកិច្ចសហការពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់តំបន់រមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជាក់ស្តែងនៅឆ្នាំ២០១៧កន្លងទៅ ភ្ញៀវទេសចរមានចំនួនជាង១លាន៦សែន ដែលមានកំណើនដល់ទៅ៧២៥% ធៀបនឹងឆ្នាំ២០១៣ ដែលជាឆ្នាំដំបូងនៃការរៀបចំព្រឹត្តិការណ៍៕

Facebook Comments
Loading...